(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មីឆ្នាំ២០២២-២០២៥។ ជាលទ្ធផលនៃការបោះឆ្នោតនោះ ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានបោះឆ្នោតជាជាឯកច្ឆន្ទជ្រើសរើសលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសាជាថ្មី សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី៩ (២០២២-២០២៥)។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញចំនួនពីរអាណត្តិរួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៦មកម្ល៉េះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ ក្រៅតែពីការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មីហើយនោះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានរៀបចំពិធីអបអរសាទរការចូលកាន់តំណែងរបស់សមាជិកថ្មី ៣រូបរួមមាន៖ លោក អ៊ុជ គឹមអន (ជ្រើសតាំងដោយរដ្ឋសភា) លោក ឌុយ ធៅ (តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) និងលោក ស្រី ណូរី (តែងតាំងដោយព្រះមហាក្សត្រ) ជំនួសសមាជិក ៣អង្គ/រូប ដែលត្រូវចប់អាណត្តិ រួមមាន៖ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស, លោក អ៊ុត ឈន និងលោក អ៉ឹម សួស្ដី។

ក្រៅតែពីកម្មវិធីទាំងពីរខាងលើហើយនោះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានប្រារព្ធពិធីអបអរសាទរខួបកំណើតគម្រប់ ២៤ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានវាយតម្លៃថា ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើន អាស្រ័យដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន និងសមាជិក សមាជិកា ក្នុងអាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និងអនុវត្តការងារ ដើម្បីសម្រេចសមត្ថកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋានគ្រឹះសម្រាប់កាវកសាងនីតិរដ្ឋ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្លែងបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញសមត្ថកិច្ចរបស់ខ្លួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិក្នុងនាមជាស្ថាប័នកំពូល ឯករាជ្យ និងអព្យាក្រិត៕