(ភ្នំពេញ)៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ប្រជាពលរដ្ឋជិត២០ម៉ឺនសន្លឹក ដែលត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអត្តសញ្ញាណប័ណ្ណ ត្រូវបានបោះពុម្ភរួចហើយ ប៉ុន្តែគិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ តាមបណ្តាស្នងការដ្ឋានរាជធានី-ខេត្តចំនួន២៤ (លើកលែងតែស្នងការដ្ឋានខេត្តកែប) មិនទាន់បានទៅយកមកចែកជូនប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋាននៅឡើយទេ។

យោងតាមរបាយការណ៍ បង្ហាញអំពីចំនួនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់នាយកដ្ឋានអត្តសញ្ញាណប័ណ្ណ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហាញថា «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១៩៩៤៥៥សន្លឹក ត្រូវបានបោះពុម្ភរួចហើយ តែស្នងការរាជធានី-ខេត្តចំនួន២៤ មិនទាន់មកទទួលយកនៅឡើយទេ»

របាយការណ៍ដដែលបានបន្តថា សម្រាប់ស្នងការដ្ឋានរាជធានីភ្នំពេញ មានចំនួន២៩០សន្លឹក ខេត្តកណ្តាល១៣៤៩សន្លឹក ខេត្តកំពង់ស្ពឺ១៩២៤០សន្លឹក ខេត្តកំពង់ឆ្នាំង១៤២៥សន្លឹក ខេត្តព្រៃវែង៥៦៩៧សន្លឹក ខេត្តកំពង់ចាម៧០៤សន្លឹក ខេត្តក្រចេះ៩៧៨២សន្លឹក ខេត្តស្ទឹងត្រែ ១៨២០សន្លឹក ខេត្តស្វាយរៀង៥១៦៩សន្លឹក ខេត្តតាកែវ១១១៨១សន្លឹក ខេត្តកំពត៩៨២៨សន្លឹក ខេត្តព្រះសីហនុ១៨៣០សន្លឹក ខេត្តកោះកុង២២៥២សន្លឹក ខេត្តកំពង់ធំ២៤៨៣៥សន្លឹក ខេត្តពោធិ៍សាត់២៨៥៤សន្លឹក ខេត្តបាត់ដំបង១១២៦៩សន្លឹក ខេត្តសៀមរាប១៤០៥៦សន្លឹក ខេត្តបន្ទាយមានជ័យ១៥៨០៥សន្លឹក ខេត្តឧត្តរមានជ័យ២១០៥សន្លឹក ខេត្តប៉ៃលិន២៤៥សន្លឹក ខេត្តព្រះវិហារ២៤១៦សន្លឹក ខេត្តមណ្ឌលគិរី២៨៨សន្លឹក ខេត្តរតនគិរី១៣៣៤សន្លឹក និងខេត្តត្បូងឃ្មុំ៥០៤៩២សន្លឹក។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យមន្រ្តីជំនាញនានា ពន្លឿនការធ្វើអត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋ ហើយឱ្យប្រជាពលរដ្ឋ រាយការណ៍បើសិនជាមានមន្រ្តីនៅមូលដ្ឋានមានភាពអសកម្ម នៅក្នុងដំណើរការធ្វើអត្តសញ្ញាណប័ណ្ណនេះ។

Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺតម្រូវឱ្យប្រជាពលរដ្ឋមានគ្រប់ៗគ្នា ដើម្បីសំគាល់ខ្លួនផង និងសម្រាប់ចូលរួមបោះឆ្នោតផង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ជាច្រើនលើកមកហើយថា សេវាតម្រូវការចាំបាច់ដូចជាការធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺត្រូវធ្វើឱ្យបានឆាប់ជូនប្រជាពលរដ្ឋ។ ដូច្នេះប្រសិនបើបងប្អូនមានបញ្ហានៅមិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណថ្មីទេ គឺពេលនេះក្រុមការងារ «អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម“ នឹងដោះស្រាយជូនបងប្អូនទូទាំងប្រទេស ឱ្យបានឆាប់តែម្តង»

ការអំពាវនាវជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ អំពីភាពយឺតយ៉ាវ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពួកគេ។ ពលរដ្ឋបានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែនថា រយៈពេលនៃការធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋានរបស់ពួកគេគឺ យូរខ្លាំងណាស់ អ្នកខ្លះរហូតដល់ជាងមួយឆ្នាំក៏មាន ហើយមិនទាន់បានទទួល ID នៅឡើយ។

សម្តេចបានចោទសួរថា តើមានករណីពិតបែបនេះពិតមែនទេ? ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋជាច្រើនបានសម្តែងការពេញចិត្ត ចំពោះការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងមានភាពជឿជាក់លើ Facebook សម្តេចតេជោ ដែលពួកគាត់ផ្តល់ព័ត៌មានពិតៗដល់នាយករដ្ឋមន្រ្តី តាមរយៈ Facebook ហើយប្រជាពលរដ្ឋបានសម្តែងការថ្លែងអំណរគុណ ចំពោះជំរុញឱ្យមន្រ្តីជំនាញនានា ពន្លឿនការធ្វើអត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានឆាប់។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានបង្ហាញនូវគេហទំព័រដើម្បីឲ្យប្រជាពលរដ្ឋ អាចចូលទៅសួរនាំបានតាមរយៈគេហទំព័រ www.gdi.gov.kh និង Facebook Page https://www.facebook.com/gdi.gov.kh/ និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង បើសិនមានចម្ងល់ណាមួយចំពោះរឿង​ អត្តសញ្ញាណប័ណ្ណនេះ៕