(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈចិន្ត្រៃយ៍គណៈពង្រឹងការងារស្រុកកោះធំ នៃគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹក ទៅដល់ក្រុមចលនាយុវជន និង ស្រ្តីគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកកោះធំ ឲ្យចិត្តទុកដាក់ និងជួយទៅដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ឬជួបទុក្ខលំបាកនៅក្នុងមូលដ្ឋាន។

ការថ្លែងក្រើនរំលឹករបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ ពេលដែលរូបលោកអញ្ជើញ ជាអធិបតីប្រកាសបញ្ចូល ក្រុមចលនាយុវជន និងស្រ្តីគណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ ២៥៦នាក់។

ក្រៅពីការជំរុញឲ្យក្រុមចលនាយុវជន និងស្រ្តីយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះហើយនោះ លោក ស៊ុន ចាន់ថុល ក៏បាន ជំរុញក្រុមចលនាយុវជន និងស្រ្តី ជួយផ្សព្វផ្សាយបន្ថែមទៀត ឲ្យប្រជាពលរដ្ឋបានដឹង និងជ្រូតជ្រាបបន្ថែមទៀតពីសមិទ្ធផល ដែលរាជរដ្ឋាភិបាល បានប្រឹងប្រែងកសាងជូនប្រជាពលរដ្ឋកម្ពុជា។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានខិតខំអស់កម្លាំង កាយចិត្ត ដើម្បីសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ដើម្បីផ្តល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋជាពិសេសជួយរុញច្រាន ជីវភាពរបស់ពួកគាត់ឲ្យបានធូរធារជាលំដាប់។

លោក ស៊ុន ចាន់ថុល ដែលកំពុងកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានថ្លែងឲ្យដឹងផងដែរ ពីកិច្ចខិតខំរបស់ ក្រសួងក្នុងការបង្ខិតសេវាឲ្យខិតទៅ ជិតប្រជាពលរដ្ឋ ដូចជាការបង្កើតឲ្យមានកន្លែងប្តូរប័ណ្ណ បើកបរជូនប្រជាពលរដ្ឋនៅផ្សារទំនើប អ៉ីអនជាដើម។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការផ្តល់សេវាជូនប្រជាពលរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន តែងបានក្រើនរំលឹកនិងដាស់តឿន ជានិច្ចដល់មន្រ្តីឲ្យចិត្តទុកដាក់ លើការផ្តល់សេវានេះ រាប់ទាំងការធ្វើអត្តសញ្ញាណបណ្ណ ព្រមទាំងលិខិតស្នាមផ្សេងៗ។

ប្រធានគណៈចិន្ត្រៃយ៍គណៈពង្រឹងការងារស្រុកកោះធំ នៃគណបក្សប្រជាជនកម្ពុជា លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណ ដល់ក្រុម ការងារគណៈពង្រឹងស្រុកកោះធំ ព្រមទាំងយុវជនទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ជួយដោះស្រាយបញ្ហា ខ្វះខាតទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមក ពេលកម្ពុជាជួបគ្រោះរាំងស្ងួត៕