(តាកែវ)៖ បើគ្មានអ្វីប្រែប្រួលទេ សមាគមមូលនិធិអ្នករត់ម៉ូតឌុប និងអ្នករត់ម៉ូតូកង់បី នៅក្នុងខេត្តតាកែវ និងលេចចេញជារូបរាង ក្នុងពេលឆាប់ៗខាងមុខនេះ តាមការផ្ដួចផ្ដើមគំនិតពីលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលនេះជារឿងថ្មីមួយមិនធ្លាប់កើត មានឡើងនៅក្នុងទឹកដីខេត្តមួយនេះ។

ថ្លែងទៅកាន់បងប្អូនអ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់៣ ទាំងជាង២០០នាក់ នៅសាលប្រជុំសាលាគរុកោសល្យភូមិភាគតាកែវ នៅព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចាត់ទុកការបង្កើត សមាគមមូលនិធិម៉ូតូឌុប នៅក្នុងខេត្តតាកែវ ពិតជាមានសារៈសំខាន់ ក្នុងជួយលើកកម្ពស់ជីវភាពរបស់បងប្អូនយើង តាមរយៈការផ្ដល់ប្រាក់កម្ចីដល់បងប្អូន និងអាត្រាកាប្រាក់មួយដ៏ទាបបំផុត។

លោកបានសង្កត់ធ្ងន់ថា «ពេលបងប្អូនមានបញ្ហាឈឺថ្កាត់នៅក្នុងក្រុមគ្រូសារ បងប្អូនអាចខ្ចីប្រាក់ពីសមាគម ដោយមានការប្រាក់ ទាបបំផុតបើប្រៀបធៀប និងការទៅខ្ចីប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុនានា។ សមាគមនេះ នឹងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូន អ្នករត់ម៉ូតូឌុប នៅក្នុងខេត្តតាកែវ យ៉ាងពិតប្រាកដ»

បើតាមលោកអភិបាលខេត្ត ការបង្កើតមូលនិធិសមាគម អ្នករត់ម៉ូតូឌុបនេះឡើង គឺបន្ទាប់ពីសមាគមមូលនិធិគ្រូបង្រៀន បណ្ឌិតសភាចារ្យ សុខ អាន ស្រុកគីរីវង់ទទួលបានជោគជ័យហួសពីការរំពឹងទុក  ដែលនេះគឺជាគំរូសម្រាប់យកមកចងក្រង សមាគមមូលនិធិអ្នករត់ម៉ូតូឌុប ខេត្តតាកែវ បន្តទៀតដោយបច្ចុប្បន្ននេះក្រុមអ្នកច្បាប់ កំពុងតែរៀបចំចងក្រងលក្ខន្តិកៈក្នុងការបង្កើត សមាគមមូលនិធិអ្នករត់ម៉ូតូឌុបនេះឡើង។

នៅក្នុងឱកាសនោះលោក ឡាយ វណ្ណៈ បានប្រកាសផ្ដល់ប្រាក់ផ្ទាល់ខ្លួនចូលក្នុងសមាគមមូលនិធិ អ្នករត់ម៉ូតូឌុបចំនួន៥ពាន់ដុល្លារ ហើយលោកអភិបាលខេត្តក៏បានសន្យាថា នឹងគៀងគរកមូលនិធិពីសប្បុរសជនក្នុងខេត្ត និងនៅរាជធានីភ្នំពេញបន្ថែមទៀតចូលដល់ សមាគមដើម្បីធ្វើយ៉ាងណាអោយសមាគម មានថវិកាតម្កល់នៅធនាគារ ឲ្យបានច្រើនទុកសម្រាប់សមាជិក ក្នុងសមាគម ខ្ចីនៅពេលដែលមានបញ្ហាអ្វីកើតឡើង។

ដោយឡែកក្រុមអ្នករត់ម៉ូតូឌុបទាំងជាង២០០នាក់ ដែលបានចូលរួមសំណេះសំណាលនោះក៏ត្រូវបាន លោកអភិបាលខេត្ត ឧបត្ថមថវិកា ក្នុងម្នាក់ៗ៥ពាន់រៀលផងដែរ៕