(កំពង់ស្ពឺ)៖ កម្មការិនីម្នាក់បានធ្លាក់ ពីលើរថយន្តបណ្តាលឱ្យ រងរបួសធ្ងន់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅលើ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិព្រៃសូភី ឃុំត្រពាំងគង ស្រុកសំរោងទង ។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា នៅវេលាម៉ោងកើតហេតុ ខាងលើគេឃើញមានរថយន្តមួយគ្រឿងម៉ាក កូរ៉េពណ៌ស ស្លាកលេខភ្នំពេញ 3C-9673 បើកបរដោយឈ្មោះ យឹម មឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិរំពាំងរំពាក់ ឃុំសាមគ្គី ស្រុកឧត្តង្គ។

រថយន្តនេះ បានដឹកកម្មកររោងចក្រយូសោន ផលិតខ្សែកាសស្តាប់ត្រចៀក ក្នុងសួនវ៉ាយសឺវេន ក្នុងភូមិរំដួល ឃុំត្រពាំងគង ខេត្តគំពង់ស្ពឺ ដោយបើកពីលិចមកកើតមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានកម្មការិនីម្នាក់ ធ្លាក់បណ្តាលឲ្យរងបួសធ្ងន់។

 ជនរងគ្រោះមាន ឈ្មោះ តូន អេវ អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃក្រសាំង ឃុំក្រាំងចេក ស្រុកឧត្តង្គ ធ្វើការនៅរោងចក្រខាងលើ បណ្តាលឲ្យបែកក្បាលខាងក្រោយ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ សម្ភពថ្នល់ទទឹង៕