(ភ្នំពេញ)៖ ក្នុងនាមប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ក្នុងឆ្នាំ២០២២នេះ សភាកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់ អាយប៉ា ស្តីពីគ្រឿងញៀន (AIPACODD-5) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីវិមានរដ្ឋសភា។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងពិធីបិទ នៃកិច្ចប្រជុំនេះ។

សេចក្តីប្រកាសព័ត៌មានរបស់រេដ្ឋសភា ដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន ក្រោមប្រធានបទ «ការដោះស្រាយបញ្ហាប្រឈមរួមគ្នា សម្រាប់តំបន់អាស៊ានគ្មានគ្រឿងញៀន» ដែលមានគណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអន្តរសភាអាស៊ាន ចំនួន៧ប្រទេស រួមមាន សភាប្រទេសកម្ពុជា ឥណ្ឌូនេស៉ី ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងប្រទេសវៀតណាម។ ចំណែកសភាប្រទេស៣ផ្សេងទៀតរួមមាន ព្រុយណេដារូស្សាឡាម មីយ៉ាន់ម៉ា និងហ្វីលីពីន បានចាត់ឱ្យមន្រ្តីជំនាញចូលរួមជាអ្នកសង្កេតការណ៍។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោក ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ជាប្រធានគណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន លោកស្រី Nguyen Tong Van អគ្គលេខាធិការអាយប៉ា បានថ្លែងនូវសុន្ទរកថាស្វាគមន៍ ទៅកាន់កិច្ចប្រជុំ ដោយបានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកជាច្រើនដែលបណ្ដាលមកពីគ្រឿងញៀន នៅក្នុងតំបន់ និងបានស្នើដល់ប្រតិភូអាយប៉ាដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញទៅមក ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឆ្ពោះទៅសហគមន៍អាស៊ានគ្មានគ្រឿងញៀន។

ក្នុងឱកាសបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងពីបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលជាខ្លាំង លើការការពារ និងត្រួតពិនិត្យបញ្ហាគ្រឿងញៀននៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូច្នេះនេះជាពេលវេលាសមស្របសម្រាប់ការឆ្លើយតបរបស់អាស៊ានទៅលើបញ្ហានេះ តាមរយៈការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងតំបន់។ ក្នុងន័យនេះ អាស៊ានបានអនុម័តវិធីសាស្ត្រអនុគ្រោះសូន្យចំពោះគ្រឿងញៀន (Zero tolerance approach) ជាមធ្យោបាយមួយដែលសកម្មភាពគ្រឿងញៀនខុសច្បាប់ទាំងអស់ ត្រូវតែប្រយុទ្ធប្រឆាំង និងបុគ្គល ព្រមទាំងអង្គការចាត់តាំង ដែលពាក់ព័ន្ធនឹងការចរាចរគ្រឿងញៀនទាំងអស់ ត្រូវតែដាក់ទោសទៅតាមច្បាប់របស់បណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗ។

លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកឡើងថា នេះជាពេលវេលាដ៏មានសារៈសំខាន់បំផុត សម្រាប់សមាជិកសភាអាយប៉ាទាំងអស់ ក្នុងការពិភាក្សា ដោះស្រាយ និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធិភាព ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន។ ដោយមើលឃើញស្ថានភាពនេះ សភាកម្ពុជាបានដាក់ចេញនូវប្រធានបទ «ការដោះស្រាយប្រឈមរួមគ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន» សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំអាយប៉ា ស្តីពីគ្រឿងញៀន លើកទី៥ នេះ ដែលមានសារៈសំខាន់បំផុតដល់ប្រទេសសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដទៃទៀត។

លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានបន្តទៀតថា នៅពេលដែលជំងឺរាតត្បាតចង្រៃកូវីដ-១៩ នៅបន្ត ការកើតឡើងកត្តាប្រឈមថ្មីៗទៀត គម្រាមកំហែងដល់សេចក្តីប្រាថ្នានៃការធ្វើឱ្យសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន។ គ្រឿងញៀននៅតែបន្តកើនឡើង និងមានទម្រង់ថ្មីៗ ដូចជាសារធាតុដែលមានឥទ្ធិពលលើប្រព័ន្ធប្រាសាទ សារធាតុគីមី និងមិនមែនគីមី សម្រាប់ផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់ មានការកើនឡើងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ជាពិសេសនៅតំបន់ត្រីកោណមាស។ កត្តាប្រឈមទាំងនេះ នឹងរារាំងសហគមន៍អាស៊ានមួយ គ្មានគ្រឿងញៀន និងមានឥទ្ធិពលអវិជ្ជមាន ដល់ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ សហគមន៍សន្តិសុខ នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងរបរចិញ្ចឹមជីវិតសម្រាប់មនុស្សជំនាន់ក្រោយ។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន ក៏បានបន្ត ដោយការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ស្តីពីគ្រឿងញៀនពីតំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម មន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីបញ្ហាគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដោយបានលើកឡើងពីបញ្ហាប្រឈមទាំងក្នុងតំបន់ និងជាសកល ជូនដល់អង្គប្រជុំផងដែរ។

បន្ទាប់ពីការស្តាប់បទបង្ហាញខាងលើរួចមក អង្គប្រជុំក៏បានបន្តធ្វើការពិភាក្សាយ៉ាងផុលផុសលើសេចក្តីព្រាងសេចក្តីសម្រេច។ ជាលទ្ធផលប្រតិភូអាយប៉ាបានឯកភាពលើខ្លឹមសារសេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការដោះស្រាយប្រឈមរួមគ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន» ដោយភ្ជាប់ជាមួយនូវរបាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥នេះ និងមានប្រធានប្រតិភូសភា ទាំង៧ ប្រទេសបានចុះហត្ថលេខា ដើម្បីដាក់ជូនមហាសន្និបាតអាយប៉ាលើកទី៤៣ ដើម្បីសុំការអនុម័ត។

នៅក្នុងពិធីបិទ លោកកិត្តិសេដ្ឋាបណ្ឌិត ប្រធានក្រុមរដ្ឋសភាជាតិអាយប៉ាជាតិ-កម្ពុជា បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រឿងញៀន បានដើរតួនាទីយ៉ាង សំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈសមាជិក សមាជិកាអាយប៉ា ដែលមានតួនាទី ជាអ្នកសម្របសម្រួល និងផ្លាស់ប្តូរយោបល់ គោលនយោបាយ និងការជំរុញការអនុវត្តច្បាប់ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។ លើសពីនេះទៅទៀត សមាជិក សមាជិកាសភាអាយប៉ា នឹងជំរុញនូវស្មារតីធ្វើការរួមគ្នា និងមានឆន្ទៈរួមគ្នា ឱ្យស្របទៅនិងសហគមន៍មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការយកជ័យជំនះលើបញ្ហាប្រឈមទាំងនេះ ដែលដំណើរអាចវែងឆ្ងាយទៅមុខទៀត និងមានបញ្ហាប្រឈមច្រើនទៀត ប៉ុន្តែការការពារ និងការរួបរួមគ្នាត្រូវតែជាចំណុចស្នូល ដើម្បីឆ្លើយតបទៅនឹងគោលបំណងនេះ៕