(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកកំរៀងថ្មីលោក សុខ ដែន ជំនួសលោក សុខ គឹមខុន ដែលត្រូវចូលនិវត្តន៍ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកកំរៀង។

បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច, លោក សុខ ដែន ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាលស្រុកកំរៀងថ្មី បានឡើងបេ្ដជ្ញាចិត្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល។

លោកអភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមមានកងកម្លាំងទាំង៣ និងមន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នា ទៅវិញទៅមក និងជាពិសេសត្រូវមានការគាំទ្រ និងជួយជ្រោមជ្រែងលោកអភិបាលស្រុកកំរៀងថ្មី ក្នុងន័យថា រដ្ឋបាលស្រុកត្រូវមានសកម្មភាពក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

បន្ថែមពីនេះ លោក សុខ លូ ក៏បានណែនាំដល់អភិបាលស្រុក មន្រ្ដីរាជការ មេឃុំទាំងអស់ បន្តរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាពនៃផ្នត់គំនិតថ្មីៗ យល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីៗ ដែលរាជរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់ ដោយមិនត្រូវធ្វើការអនុវត្តរឿងដដែល គ្មានការរីកចម្រើនទៅមុខ និងមិនសមស្របទៅតាមបរិបទថ្មីឡើយ។

លោកបានបន្តណែនាំដល់ដល់រដ្ឋបាលស្រុកពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាប្រទេសជាតិកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លា បញ្ហាគ្រឿងញៀនបានបំផ្លាញសេចក្ដីសុខប្រជាពលរដ្ឋ ធ្វើឱ្យមានអំពើចោរកម្មនានា បង្កឱ្យមានជម្លោះក្នុងគ្រួសារ កាប់សម្លាប់ជាដើម។ ងនោះលោកក៏បានណែនាំឱ្យមានការគិតគូរក្នុងការរៀបចំការដាក់ពិន្ទុវាយតម្លៃភូមិ ឃុំមានសុវត្ថិភាពនៅតាមភូមិឃុំ ដើម្បីពិនិត្យមើលថា តើឃុំណាបានអនុវត្តបានល្អជាងគេ?។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត ក៏បានប្រាប់រដ្ឋបាលស្រុក ចាត់វិធានការជាបន្ទាន់ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដែលបង្កឱ្យមានការខូចខាតផ្លូវ ក៏ដូចជាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់ដែលបានចែង ដោយមិនត្រូវភ័យខ្លាចអ្នកមានអំណាចណាឡើយ។

លោកជំរុញឱ្យរដ្ឋបាលស្រុក បន្តពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាដូសជំរុញពីទី៣ រហូតដល់ទី៥ និងក្រោយរយៈពេល៤ខែឡើង ដើម្បីរក្សាគុណភាពអង់ទីករនៅក្នុងខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ បើមិនបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញបន្ទាប់ពីចាក់រួច៤ខែឡើងហើយ និងធ្វើឱ្យគុណភាពអង់ទីករ នៅក្នុងខ្លួននឹងកាន់តែធ្លាក់ចុះជាក់ជាមិនខាន។

លោក សុខ លូ បានក្រើនរំឮកដល់រដ្ឋបាលស្រុកត្រូវបន្តពង្រឹងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើមានសន្ដិភាពនេះឯង៕