(អេហ្ស៊ីប)៖ ប្រព័ន្ធទំនាក់ទំនងដោយស្វ័យប្រវត្តិ នៅលើយន្តហោះ EgyptAir ជើងហោះហើរ Flight 804 បាន​ផ្ញើ​សារ​​ព្រមាន ប៉ុន្មាននាទីមុនពេលយន្តហោះធ្លាក់ ដោយបានបង្ហាញថា ប្រព័ន្ធត្រួតពិនិត្យការហោះហើរត្រូវបាន​កាត់ផ្ដាច់ និង​មាន​ហ៊ុយផ្សែង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ចេញផ្សាយមុននេះបន្តិច។

ប្រភពដែលជិតស្និទ្ធនឹងការស៊ើបអង្កេត បានបង្ហោះឲ្យដឹងថា សារមួយនេះត្រូវបានផ្ញើសារដោយស្វ័យប្រវត្តិពីយន្តហោះ ដើម្បីជួយដំណឹង​ ប៉ុន្តែគេមិនបានដឹងថា នៅលើយន្តហោះនោះមានបញ្ហាអ្វីនោះទេ។

នៅមុននេះផងដែរថា ក្រុមសង្គ្រោះដែលមានមកពីប្រទេសបារាំង អេហ្ស៊ីប និង ក្រិក នោះបានប្រទះឃើញដានប្រេង ដែលទំនងជាធ្លាយចេញ ពីយន្តហោះអេហ្ស៊ីប និងបំណែកមួយចំនួនទៀតនៃតួយន្តហោះ នៅលើដែនទឹកសមុទ្រមេឌីទែរ៉ាណេ ដែលគេកំពុងធ្វើការរុករកនោះ។

នៅល្ងាចថ្ងៃទី២០ ខែឧសភាម្សិលមិញនេះ ក្រសួងការពារជាតិរបស់ប្រទេសក្រិច បានឲ្យដឹងថា អាជ្ញាធររបស់អេហ្ស៊ីប បានរកបំណែកនៃសាកសព​ និង​កៅអ៊ីចំនួន២ ព្រមទាំងវ៉ាលីផងដែរ នៅក្នុងប្រតិបត្តិការស្វែងរកយន្តហោះ EgyptAir ជើងហោះហើរ Flight 804 ដែលបានធ្លាក់នៅក្នុង សមុទ្រមេឌីទែរ៉ាណេ។

គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានបាត់ពីរ៉ាដា ខណៈហោះចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយាន​ដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ដោយផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ ហើយត្រូវបានក្រុមហ៊ុន និងរដ្ឋាភិបាលអេហ្ស៊ីប​បញ្ជាក់ថា បានធ្លាក់នៅក្នុងសមុទ្រ៕