(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។

ការថ្លែងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដែលមានការចូលរួមពីលោក លោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់ សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គម ជាពិសេសក្នុងកំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*១៖ រៀបចំកម្មវិធីវេទិការសាធារណៈជូនដល់ក្រុមប្រឹក្សាខេត្ត
*២៖ មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ។
*៣៖ រដ្ឋបាលក្រុង ស្រុកត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា
*៤៖ ត្រូវត្រៀមលក្ខណៈរៀបចំបង្កើតគណៈកម្មការរៀបចំ ពិធីអុំទូកនៅច្រាំងទន្លេវ៉ៃគោខេត្តស្វាយរៀង
*៥៖ កាកបាទក្រហមកម្ពុជាខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាផ្សេងៗដូចជា គ្រោះធម្មជាតិជាដើម៕