រថយន្ត៣គ្រឿងបុកគ្នាបន្តបន្ទាប់ បណ្តាលឱ្យរបួស៣នាក់ នៅស្រុកប្រាសាទបាគង
23-06-2022 15:54
(សៀមរាប)៖ រថយន្ត ៣គ្រឿងបើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យបុកគ្នាបន្តបន្ទាប់ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខផ្លូវចូលស្តាតថ្មី ស្តិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្ស៣នាក់រងរបួស។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Y.9167 បើកបរដោយឈ្មោះ ហូ លីន ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបុកជាមួយរថយន្តក្រុង ពណ៌ក្រហមផ្លាកលេខ ភ្នំពេញ 3F-3399 បើកបរដោយឈ្មោះ តន សុភាន់ ភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិ៣ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពុងចាម។ បន្ទាប់មករថយន្តនេះ បែកកង់ហើយរ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកលុច្សស៊ីស ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AZ-5719 អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យខូចខាតរថយន្តចំនួន ០៣គ្រឿង និងរងរបួសស្រាលចំនួន ៣នាក់ ជាង្នកអ្នកបើកបរ និងអ្នករួមដំណើរ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែករថយន្តទាំងបីគ្រឿង សមត្ថកិច្ចយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីអនុវត្តនីតិវិធីបន្ត៕