(ភ្នំពេញ)៖ ក្រសួងទេសចរណ៍សហការណ៍ជាមួយនាយកដ្ឋានគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ បានរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ សំដៅចូលរួមផ្សព្វផ្សាយ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដោយអនុលោមតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី»។

សូមរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានកសាងឡើងក្រោមចំណងមិត្តភាពកម្ពុជា-ចិន ដែលជាជំនួយឥតសំណងពីមិត្តចិន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់កាលពីខែសីហា ឆ្នាំ២០២១។ វិមានកីឡដ្ឋានបានសាងសង់លើទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ។ វាគឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់ ដោយបរិវេណខាងក្រៅអាចមានលទ្ធភាពផ្ទុកអ្នកទស្សនាបន្ថែមប្រមាណ២ម៉ឺននាក់បន្ថែម និងមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។

ការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានគេរំពឹងថានឹងចូលរួមជំរុញ និងសម្រួលដល់ការសិក្សាស្វែងយល់របស់សិស្ស និស្សិត សាស្រ្តាចារ្យ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអំពីផលិតផលទេសចរណ៍ ក៏ដូចជាសមិទ្ធផលជាតិថ្មីៗ និងសំខាន់ៗដែលមាននៅក្នុងរាជធានីភ្នំពេញ ដោយធ្វើការផ្សារភ្ជាប់ពហុកីឡាដ្ឋានជាតិមរតកតេជោជាមួយនឹងគោលដៅដែលមានសក្តានុពលដទៃទៀតនៅជុំវិញ មានជាអាទិ៍ វិមានឈ្នះឈ្នះ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្គាឌិនស៊ីធី ទីលានវាយកូនហ្គោលហ្គាឌិនស៊ីធីជាដើម។

ជាមួយគ្នានេះដែរ កញ្ចប់ទស្សនកិច្ចនេះក៏មានការកំណត់ប្រភេទ និងការបង្កើតជម្រើសក្នុងដំណើរកម្សាន្តនេះផងដែរ ដែលរួមបញ្ចូលដំណើរកម្សាន្តបែបគ្រួសារ (Family Entertainment) ដំណើរកម្សាន្តបែបទស្សនកិច្ចសិក្សា ស្វែងយល់ (Educational Tour) និងដំណើរកម្សាន្តបែបទស្សនកិច្ចផ្សារភ្ជាប់នឹងព្រឹត្តិការណ៍កីឡា (Sport Event)។

ជាមួយគ្នានេះ ដើម្បីសម្រួល និងលើកកម្ពស់គុណភាពនៃដំណើរទស្សនកិច្ចក្នុងពហុកីឡដ្ឋានជាតិមរតកតេជោក្រសួងទេសចរណ៍ក៏បានរៀបចំនូវសៀវភៅមគ្គុទ្ទេសក៍ សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់អ្នកឧទ្ទេសនាម ក៏ដូចជាគ្រប់ភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ សៀវភៅមគ្គុទ្ទេសក៍នេះនឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រើបាស់តាមរយៈការជាដើរតួនាទីជាអ្នកណែនាំ និងបកស្រាយបន្ថែមអំពីខ្លឹម សារសំខាន់ៗពាក់ព័ន្ធនឹងពហុកីឡដ្ឋាន មានជាអាទិ៍ ប្រវត្តិនៃការសាងសង់ សក្តានុពលទាក់ទាញទាំង១៨នៃពហុកីឡដ្ឋាន ក្រមប្រតិបត្តិ និងក្រមសិលធម៌វិជ្ជាជីវៈសម្រាប់ដំណើរទស្សនកិច្ចក្នុងពហុកីឡដ្ឋាន គោលការណ៍ណែនាំផ្សេងៗ ក៏ដូចជាតំបន់ទាក់ទាញដទៃទៀតដែលស្ថិតនៅជុំវិញពហុកីឡដ្ឋាន។

គួរបញ្ជាក់ថា ការរៀបចំកញ្ចប់ទស្សនកិច្ចនេះ ក៏ជាការចូលរួមផ្សព្វផ្សាយអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំការប្រកួតកីឡាអន្តរជាតិស៊ីហ្គេម (Sea Game) ឆ្នាំ២០២៣ ខាងមុខ៕