(ភ្នំពេញ)៖ មនុស្សប្រមាណជាង៥០០នាក់ បានចូលរួមព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី៨» ដែលរៀបចំដោយក្រសួងអប់រំ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅក្នុងបរិវេណទីធ្លា ស្តាតអូឡាំពិក នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ។

ពិធីនេះដែរ ធ្វើឡើងក្រោមអធិបតីលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ដេវ យ៉ានី ឃុបាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា រួមទាំងក្រុមយុវជនជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់លើកម្ពស់កិច្ចសហការរៀបចំទិវានេះ ដើម្បីជួយលើកកម្ពស់កាហាត់យោគៈនៅកម្ពុជា ពិសេសការហាត់ក្នុងការដកដង្ហើម ភាពអត់ធ្មត់ និងជួយពង្រឹងនូវកាយយសម្បទារឹងមាំ ពង្រឹងនូវផ្នែកផ្លូវចិត្ត ជាពិសេសឱ្យមានភាពអត់ធ្មត់ មានកាយសម្បទាទន់ភ្លន់ និងរឹងមាំ ហើយកាហាត់យោគៈ គឺជាការផ្សារភ្ជាប់រវាងរឿងកាយរបស់ ចិត្តគំនិតទៅជាមួយនឹងពិភពខាងក្រៅផងដែរ។

លោកស្រី ដេវ យ៉ានី ឃុបាហ្គាដ បានលើកដែរថា ព្រឹត្តិការណ៍យោគៈអន្តរជាតិ បានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ប្រកបដោយភាពរីករាយ។ យោគៈ ជាសិល្បៈ និងវិជ្ជានៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំឱ្យមានភាពសុខដុមល្អឥតខ្ចោះរវាងចិត្ត រូបមនុស្ស និងធម្មជាតិ និងការដឹងជាសកល។

ជាមួយគ្នានោះដែរលោក ប៉ាក់ សុខុម បានលើកឡើងដែរថា ក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានរៀបចំទិវាយយគៈអន្តរជាតិ និងទទួលបានជោគជ័យ៦ លើករួចមកហើយ នៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយមចំនួន៤ គឺរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, នៅខេត្តបាត់ដំបង។ លំហាត់ប្រាណយោគៈ គឺមានអត្ថប្រយោជន៍ទ្វេដង ដើម្បីសារពាង្គកាយកាយមាំមួន កាយសម្បទារឹងមាំ ហើយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងរក្សាបាននូវសុខភាពសុវត្ថិភាពក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវ។

លោក ប៉ាក់ សុខុម បានបន្តថា ព្រឹត្តិការណ៍នេះកម្ពុជាចូលរួមអបអរសាទរជាមួយបណ្ដាប្រជាជាតិនានា លើពិភពលោក ឲ្យបានស្គាល់កម្ពុជា និងឥណ្ឌាកាន់តែច្បាស់ ក៏ដូចជាចូលរួមផ្សព្វផ្សាយ អំពីការបើកប្រទេសឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជាឡើងវិញផងដែរ៕