(ត្បូងឃ្មុំ)៖ ឯកសណ្ឋាន និងសម្ភារសំរាប់ប្រជាការពារប្រើប្រាស់ ត្រូវបានលោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំពពេល យកទៅចែកជូនដល់ប្រជាការពារ នៅទូទាំងឃុំនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។

សម្ភារសំរាប់ប្រជាការពារប្រើប្រាស់ដែលត្រូវបានយកទៅចែកជូនដល់ប្រជាការពារ នៅតាមភូមិចំនួន១០ ទូទាំងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនោះរួមមានឯកសណ្ឋានខោអាវ មួក ដំបងជ័រ និងវិទ្យុទាក់ទងផងដែរ។ ក្នុងនោះប្រជាការពារនៅទូទាំងឃុំមានចំនួនសរុប៨៩នាក់ ក្នុងម្នាក់ៗទទួលបានឯកសណ្ឋានមួយកំប្លេ និងដំបងជ័រ១។ ចំណែកវិទ្យុទាក់ទងគឺចែកអោយមួយភូមិចំនួន៤គ្រឿង ដើម្បីទុកបំរើការងារការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរៀងៗខ្លួន។

ថ្លែងនៅក្នុងពិធីនោះ លោកកែវ ពិសិដ្ឋ បានស្នើសុំអោយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាការពារតាមភូមិនិមួយៗ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អ ព្រោះប្រជាការពារ និងមន្ត្រីមូលដ្ឋានគឺជាអ្នកនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ដូចនេះត្រូវសហការគ្នាជាមួយសមត្ថកិច្ចនគរបាល ក៏ដូចអាវុធហត្ថធ្វើការទប់ស្កាត់បទល្មើសផ្សេងៗ កុំអោយកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីផ្ដល់សេចក្ដីសុខជូនប្រជាពលរដ្ឋ៕