(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ, ឧត្តមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Brabowo Subianto) រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ការបន្តពង្រឹងពង្រីក ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌូណេស៊ី និងកម្ពុជា។

ការអញ្ជើញមកកម្ពុជា របស់ប្រតិភូក្រសួងការពារជាតិឥណ្ឌូនេស៊ី ដែលដឹកនាំឧត្តមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានបង្ហាញការគាំទ្រយ៉ាងដូច្នេះថា៖ «ចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ការបន្តពង្រឹងពង្រីក ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌូណេស៊ី-កម្ពុជា ដូច្នេះតាមរយៈនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នៅកម្ពុជាលើកនេះនឹងជួយពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឥណ្ឌូនេស៊ី-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត»

ក្នុងជំនួបសន្ទនា នាឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការស្វាគមន៍ចំពោះ ឧត្តមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ និងសហការី ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នៅឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្ដេចពិជ័យសេនា បានចាត់ទុកវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី ការពារជាតិប្រទេសឥណ្ឌូនេស៊ី នៅកម្ពុជា ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី អោយកាន់តែមានភាពជិតស្និតថែមទៀត។

ទន្ទឹមនឹងនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាថា៖ «នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងក្រសួងការពារជាតិទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី មានភាពរអាក់រអួល និងអាក់ខានមួយចំនួន។ ប៉ុន្តែក្រោយពីជំងឺកូវីដ១៩ មានភាព ធូស្រាល ក្រសួងការពារជាតិទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី បានជំរុញការងារទ្វេដង ទៅតាមកិច្ចព្រមព្រៀងដែលយើងបានឯកភាពគ្នានាពេលកន្លងមក»

ពាក់ព័ន្ធលើវិស័យយោធា សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងកងទ័ពឥណ្ឌូនេស៊ី ដែលរហូតមកបានរួមចំណែកអភិវឌ្ឍ សមត្ថភាពកងយោធពលខេមរភូមិន្ទ តាមរយៈការទទួលយកសិក្ខាកាមយោធាកម្ពុជា ទៅបណ្តុះបណ្តាលលើជំនាញកងកម្មង់ដូ ទ័ពពិសេសឆ័ត្រយោង និងជំនាញផ្សេងៗ នៅឥណ្ឌូនេស៊ី ហើយសម្តេចពិជ័យសេនា ក៏បានបានស្នើដល់ភាគី កងទ័ពឥណ្ឌូនេស៊ី ឱ្យបន្តផ្តល់ការគាំទ្រឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ពីគ្នាទៅវិញទៅមក របស់នាយទាហានវ័យក្មេង កងទ័ពទាំងពីរ, ការបន្តជួយកសាងធនធានមនុស្សលើការបណ្ដុះបណ្ដាលកងកម្មង់ដូទ័ពពិសេសនៅគ្រប់ជំនាញ និងជំនាញផ្សេងៗ ដល់កងយោធពលខេមរភូមិន្ទ ដែលនៅខ្វះខាតនៅឡើយ, ការជួយផ្តល់សម្ភារៈបរិក្ខារយោធា ក៏ដូចជាជួយលើវិស័យសង្រ្គោះគ្រោះមហន្តរាយ និងបេសកកម្មថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ជាពិសេស ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនរដ្ឋមន្ត្រីការពារជាតិ ឥណ្ដូនេស៊ីផងដែរថា៖ «កម្ពុជាមានឆន្ទៈក្នុងការប្រើប្រាស់តួនាទី និងឯកសិទ្ធិជាប្រធានអាស៊ាននេះ ដើម្បីលើកកម្ពស់ការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់នានា ដោយសន្តិវិធីតាមផ្លូវការទូត ផ្លូវច្បាប់ កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នាទៅវិញទៅមក និងគោរពផលប្រយោជន៍រួម ដោយអនុលោម តាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម»។ កម្ពុជាចង់ឃើញភាពរឹងមាំនៃ ឯកភាព និងមជ្ឈភាពអាស៊ាន ដែលជាធាតុស្នូលសម្រាប់ការធានាបាននូវការរួមរស់ដោយសុខសន្តិភាព សុខដុមរមនា និងវិបុលភាពក្នុងតំបន់»

ឧត្តមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកកាន់ប្រទេសកម្ពុជា សារជាថ្មីបន្ទាប់ពីមានការអាក់ខានដោយសាររោគរាតត្បាតនៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ក្នុងខណៈដែលកម្ពុជា ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរាល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ឆ្នាំ២០២២ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឥណ្ដូនេស៊ី និងកម្ពុជា ក្នុងនាមសមាជិកប្រជាជាតិអាស៊ាន ក្នុងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង។

ឧត្ដមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ដោយឯកឧត្តមបានចាត់ទុកថា កម្ពុជា ជាប្រទេសដែលមានការគ្រប់គ្រងជំងឺកូវីដ១៩ បានខ្ពស់ជាងគេនៅលើពិភពលោក៕