(ភ្នំពេញ)៖ ជាលើកទី២ ក្នុងឆ្នាំ២០២២ ធនាគារ ជីប ម៉ុង បានបន្ថែមដើមទុនចុះបញ្ជីរបស់ខ្លួននៅធនាគារជាតិ ចំនួន ២០លានដុល្លារអាមេរិក ដែលធ្វើឲ្យចំនួនទុនចុះបញ្ជីកើនដល់ ១៣៥លានដុល្លារអាមេរិក។ ការបន្ថែមដើមទុនចុះបញ្ជីនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការក៏ដូចជាទំនុកចិត្តរបស់អតិថិជន ដើម្បីបន្តពង្រីកប្រតិបត្តិការធនាគារបន្ថែមទៀត និងគោរព១០០ភាគរយតាមបទដ្ឋានគតិយុត្តិរបស់ធនាគារជាតិនៃកម្ពុជា។

លោក ចន ប៊ែល អគ្គនាយកនៃធនាគារ ជីប ម៉ុង បានថ្លែងថា «យើងមានមោទកភាពដែលធនាគារ ជីប ម៉ុង បានបង្កើនទុនចុះបញ្ជីបន្ថែមជាបន្តបន្ទាប់ នេះជាសក្ខីភាពបង្ហាញពីកិច្ចប្រឹងប្រែងដែលយើងសាងឡើងដើម្បីផ្ដល់ទំនុកចិត្តដ៏កក់ក្ដៅជូនដល់ អតិថិជន។ អស់រយៈពេលជាង ៤ឆ្នាំមកនេះ ធនាគារបានកសាងភាពចាស់ទុំរបស់ខ្លួន ជាក់ស្ដែងធនាគារ ជីប ម៉ុង ដើរលើមាគ៌ាធុរកិច្ចធនាគារដែលមានចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់។

បង្កើតឡើងនៅឆ្នាំ២០១៩ ធនាគារ ជីប ម៉ុង គឺជាផ្នែកមួយនៃអាជីវកម្មរបស់ ជីប ម៉ុង គ្រុប។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាដាក់ឲ្យដំណើរការប្រើប្រាស់ ក្នុងរាជធានីភ្នំពេញ និងខេត្តដូចជាកំពង់ចាម បាត់ដំបង និងសៀមរាប សរុបមានចំនួន ១៣សាខាធនាគារ និង២សាខាផ្សេងទៀតនឹងមានវត្តមាននៅចុងឆ្នាំនេះ។ ធនាគារ ជីប ម៉ុង មានម៉ាស៉ីន ATM សរុបចំនួន៣៤ ដែលបម្រើការ២៤ម៉ាង ដៃគូសហការទូទាត់ចំនូន១៨៩៩ទីតាំង និងភ្នាក់ងារធនាគារចំនួន១២៦កន្លែង ទូទាំងប្រទេស៕