(ភ្នំពេញ)៖ មិនដល់ម៉ោងមួយផងអគ្គិភ័យបានកើតឡើងពីរករណីផ្សេងគ្នា ក្នុងភូមិសាស្ដ្រខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា៖

*ករណីទី១៖ ករណីអគ្គីភ័យ ឆេះ មួយកន្លែងនៅផ្លូវបេតុង ភូមិស្វាយប៉ាក ក្រុម០៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះមានឈ្មោះ ប្រាក់ ចាន់ អាយុ៦៤ឆ្នាំ មុខរបរ សន្តិសុខ, ម្ចាស់ផ្ទះទី២៖ ឈ្មោះ ជុំ សុខា អាយុ៦១ឆ្នាំ មុខរបរ ជាងផ្សារដែក, ម្ចាស់ផ្ទះទី៣៖ ឈ្មោះ ប៊ុន ចាន់សុធី អាយុ៦០ឆ្នាំ មុខរបរ មន្ត្រីចូលនិវត្ត។

ខូចខាតសម្ភារៈ ឆេះផ្ទះចំនួន១ខ្នង ទំហំ ៨ម៉ែត្រ គុណ២៥ម៉ែត្រ, ផ្ទះទី២ ទំហំ១០ម៉ែត្រ គុណ២៥ម៉ែត្រ, ផ្ទះទី៣ ទំហំ ១០ម៉ែត្រ គុណ១០ម៉ែត្រ រួមទាំងសម្ភារៈអស់ទាំងស្រុង។ ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១១ឡាន ស្មើនឹង៤៤ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃ ចំនួន១គ្រឿង មិនបានប្រេីប្រាស់ទឹក, រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប។

*ករណីទី២៖ ករណីអគ្គីភ័យឆេះមួយកន្លែងនៅផ្លូវលំ ភូមិបន្លាស្អិត ក្រុម០៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ម្ចាស់ផ្ទះឈ្មោះ ប៉ែន សម្បត្តិ អាយុ៤១ឆ្នាំ មុខរបរជាងសំណង់។ មូលហេតុ ឆ្លងចរន្តអគ្គីសនី។

ប្រភេទសំណង់ ឈើលើថ្មក្រោម ទំហំ ៦ម៉ែត្រ គុណ៩ម៉ែត្រ ឆេះខូចខាតផ្នែកពិដានខាងលើអស់ប្រហែល ៣០ភាគរយ និងមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន០២រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប។

សូមជម្រាបថា កាលពីម្សិលមិញក៏មានករណីអគ្គិភ័យមួយកើតឡើងផងដែរ នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋប្រមាណជិត៤០ខ្នង ត្រូវបំផ្លិចបំផ្លាញ៕