(ភ្នំពេញ)៖ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួននៅឆ្នាំ២០២២នេះ បានគូសរំលេចថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ មានភាពរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ បើទោះបីជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយនោះ។

ក្នុងជំនួបជម្រាបលាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោកឯកអគ្គរដ្ឋទូតចប់អាណត្តិការងាររូបនេះ បានជម្រាបសម្តេចតេជោថា ក្នុងកំលុងពេលបំពេញការងារនៅកម្ពុជារយៈពេលប្រមាណជា៣ឆ្នាំមកនេះ លោកបានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកបានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់មានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។ សម្តេចតេជោ បានជូនពរឱ្យលោកឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារបន្តរបស់លោក៕