(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ នឹងរៀបចំកិច្ចប្រជុំលើកទី៣៥ របស់អាយឆា តាមប្រព័ន្ធវីដេអូ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំនេះនឹងដឹកនាំដោយ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាង អាយឆានៃប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំលើកទី៣៥នេះ នឹងពិនិត្យ ពិភាក្សា និងអាចអនុម័តទៅលើឯកសារជាច្រើន រួមមាន ដូចជា របាយការណ៍/កំណត់ហេតុនៃកិច្ចប្រជុំ និងសកម្មភាពនានាដែលបានរៀបចំធ្វើនាពេលកន្លងមក, វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្តនិងរបាយការណ៍នៃកម្មវិធីដែលបានអនុវត្តរួចហើយ, ឯកសារទស្សនទានស្ដីពីកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាដែលគ្រោងនឹងអនុវត្តក្នុង ឆ្នាំ២០២២ ជាពិសេស ឯកសារសំខាន់ចំនួនបី ដែលត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្តី ការបរទេសអាស៊ាននាដើមខែសីហា ឆ្នាំ២០២២នេះ គឺ៖ ១. របាយការណ៍ឆ្នាំ២០២២របស់អាយឆា, ២. សេចក្តីថ្លែងការណ៍របស់ប្រធានអាយឆាទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន និង ៣. កម្មវិធីកម្ម វិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។

ក្រៅពីនេះ នៅក្នុងកិច្ចប្រជុំលើកទី៣៥ ក៏នឹងមានកិច្ចជំនួបដាច់ដោយឡែកចំនួន២ រវាងអាយឆាជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) និងជាមួយវេទិកានៃស្ថានប័នសិទ្ធិមនុស្សជាតិអាស៊ាន (SEANF) រួមទាំងការពិភាក្សាទៅ លើបញ្ហាផ្សេងៗមួយចំនួនទៀត៕