(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំងគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) មហាសន្និបាត លើកទី២៣ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិភូ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

បើតាមសេចក្ដីប្រកាសរបស់កាកបាទក្រហមកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិភូកាកបាទក្រហមកម្ពុជា មាន៣នាក់ ក្នុងនោះមានតំណាងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១នាក់ តាមការកំណត់របស់សហព័ន្ធអន្តរជាតិ ដឹកនាំដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២។

មហាសន្និបាតលើកទី២៣ និងពិនិត្យអនុម័តរបាយការណ៍នៃមហាសន្និបាត លើកទី២២ ឆ្នាំ២០១៩-២០២០ និងធ្វើការបោះឆ្នោតជ្រើសរើសប្រធាន១រូប អនុប្រធានចំនួន៤រូប និងសមាជិកក្រុមប្រឹក្សាអភិបាល២០រូប សម្រាប់អាណត្តិបន្តរបស់សហព័ន្ធអន្តរជាតិ។ ក្នុងនោះមានសម័យប្រជុំពេញអង្គ ដែលនឹងពិនិត្យពិភាក្សាពីគោលនយោបាយសំខាន់ៗរួមមាន៖ គោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុ និងវិបត្តិបរិស្ថាន គោលនយោបាយអ្នកស្ម័គ្រចិត្ត គោលនយោបាយស្តីពីការអភិវឌ្ឍសមាគមជាតិ គោលនយោបាយស្តីពីកិច្ចការពារយេនឌ័រ និងបរិយាបន្ន គោលនយោបាយស្តីពីវិជ្ជាសង្រ្គោះបឋមគោលនយោបាយផ្សេងៗ និងសេចក្ដីសម្រេចមួយចំនួន។

នៅក្នុងឱកាសបើកមហាសន្និបាតលើកទី២៣នេះ លោក ហ្វ្រង់ស៊ីស្កូ រ៉ូកា ប្រធានសហព័ន្ធអន្តរជាតិ បានថ្លែងបើកមហាសន្និបាតដោយផ្ដោតលើការពង្រឹងសមាគមជាតិពីថ្នាក់កណ្តាលដល់មូលដ្ឋាន។ លោកបានសង្កត់ធ្ងន់ពីតួនាទីរបស់សហព័ន្ធអន្តរជាតិ ក្នុងការលើកកម្ពស់តួនាទីប្រតិបត្តិករក្នុងមូលដ្ឋាន (Localization) ដើម្បីបំពេញការងារឆ្លើយតបមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងការគាំទ្រដល់សារសំខាន់នៃការវិនិយោគ និងផ្តោតសកម្មភាពលើការងារនៅកម្រិតសហគមន៍ ដោយលោកបានលើកឡើងថា «វិបត្តិជំងឺឆ្លងរាតត្បាត បង្ហាញឱ្យពិភពលោកបានដឹង និងឃើញពីតួនាទីជាគន្លឹះរបស់ប្រតិបត្តិករ នៅមូលដ្ឋានក្នុងសហគមន៍ ដូចជាអ្នកស្ម័គ្រចិត្តរបស់យើងជាដើម នៅពេលគេធ្វើសកម្មភាពឆ្លើយតបនឹង វិបត្តិនានា។ ការលើកកម្ពស់តួនាទីប្រតិបត្តិករក្នុងមូលដ្ឋាន (Localization) ឱ្យគេបំពេញការងារមនុស្សធម៌ គឺជាមធ្យោបាយតែមួយគត់ដ៏មានប្រសិទ្ធភាព ក្នុងការសង្គ្រោះអាយុជីវិត កសាងសហគម៍ប្រកបដោយសុវត្ថិភាព រឹងមាំជាងមុន និងប្រសើរជាងមុន»។

លោក រ៉ូកា បានជំរុញដល់សហគមន៍អន្តរជាតិ ឱ្យផ្តោតការយកចិត្តទុកដាក់ជាអាទិភាពចំពោះសាមគ្គីភាពជាសាកល ហើយត្រូវប្រែក្លាយឱ្យទៅជាសកម្មភាព
ជាក់ស្តែង។ ជាមួយគ្នានេះ លោកបានលើកទ្បើងពីការបន្តលើកកម្ពស់យុទ្ធសាស្រ្តនៃការចូលរួមរបស់យុវជន និងការលើកកម្ពស់ការផ្សាភ្ជាប់អ្នកជំនាន់មុន និងជំនាន់ក្រោយ តាមរយៈការស្តាប់ និងផ្តល់តម្លៃដល់យុវជនបន្តវេនផងដែរ។

គួរបញ្ជាក់ថា នៅក្នុងមហាសន្និបាតលើកទី២៣ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មានការចូលរួមដោយផ្ទាល់ពីសមាគមជាតិចំនួន១៨៥ និងចូលរួមតាមប្រព័ន្ធវីដេអូចំនួន៧៕