(ស្វាយរៀង)៖ គម្រោង «សហគ្រាសកែច្នៃមាន់ស្រែខ្មែរ សម្រាប់មោទកភាពជាតិកម្ពុជា» ដែលកំពុងអនុវត្តជាមួយសហគមន៍កសិកម្មចំនួន ៥២ ក្នុងខេត្តចំនួន១១ បាននិងកំពុងពង្រឹងផលិតកម្ម និងពង្រីកទីផ្សាបន្ថែម ដើម្បីពន្លឿនការរីកលូតលាស់នៃផលិតកម្មមាន់ស្រែខ្មែរ និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ។

ដើម្បីជួយដល់ផលិតកម្មមាន់ស្រែខ្មែរនេះឱ្យកាន់តែរីកចម្រើន អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានកៀរគរថវិកាជំនួយបន្ថែមចំនួន ៤៣១ ៩៥០ ដុល្លារសហរដ្ឋអាមេរិក ដោយមានចូលរួមបដិភាគពីសហគមន៍កសិកម្ម ប្រើប្រាស់សម្រាប់វិនិយោគទៅលើ ការទិញយានយន្តដឹកផលិតផលកសិកម្ម ចំនួន ៣ គ្រឿង គម្រោងបង្កើតផ្សារសហគមន៍កសិកម្ម ចំនួន ១ កន្លែង ត្រាក់ទ័រចំនួន ៣ គ្រឿង ម៉ូតូចំនួន ១ គ្រឿង និងឧបករណ៍បសុពេទ្យក្នុងសហគមន៍កសិកម្ម ចំនួន ១៤ នាក់។

បច្ចុប្បន្នអង្គការហេហ្វឺកម្ពុជា បានទិញត្រាក់ទ័រចំនួន ៣ គ្រឿងសម្រាប់ផ្តល់ជូនសហគមន៌កសិកម្មចំនួន២ នៅខេត្តស្វាយរៀង និងចំនួន ១ នៅខេត្តបាត់ដំបង ។ ត្រាក់ទ័រទាំង ៣ គ្រឿង ត្រូវបានប្រគល់ជូនសហគមន៌កសិកម្មនៅថ្ងៃទី ២០ ខែមិថុនា ឆ្នំា២០២២ នេះនៅទីស្នាក់ការសហគមន៍កសិកម្ម ម៉ឺនជ័យសាមគ្គីស្វាយចេក នៅភូមិ ម៉ឺនជ័យ ឃុំ ម៉ឺនជ័យ ស្រុក រំដួល ខេត្តស្វាយរៀង។

លោក បណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា បានថ្លែងថា ត្រាក់ទ័រនេះនឹងជួយបំពេញ ការខ្វះខាតកម្លាំងពលកម្មនៅក្នុងសហគមន៍ក្នុងការធ្វើកសិកម្ម និងទាក់ទាញយុវជនឱ្យងាកមកធ្វើកសិកម្មវិញ។ លើសពីនេះក៏អាច ផ្តល់ចំណូលបន្ថែមដល់សហគមន៍កសិកម្ម តាមរយៈការផ្តល់សេវាកម្មជួលដល់សមាជិកសហគមន៍ផងដែរ។

លោកបន្តថា «គោលបំណងនៅពីក្រោយហ្នឹងគឺជាផ្នែកមួយ នៃការអនុវត្តគម្រោងសហគ្រាសកែច្នៃមាន់ស្រែខ្មែរ សម្រាប់មោនទភាពកម្ពុជា ដែលយើងបានអនុវត្តគម្រោងនេះរយៈពេល៥ឆ្នាំពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ គម្រោងសហគមន៍កែច្នៃមាន់ស្រែខ្មែរ សម្រាប់មោនទភាពកម្ពុជា យើងមានគោលបំណងសំខាន់ចំនួន៤ ទី១ផ្តោតទៅលើក្រុមជួយខ្លួនឯង និងសហគមន៍កសិកម្ម ដើម្បីដឹកនាំស្ថាប័នឱ្យបានរឹងមាំ ទី២.កៀរគរទុនវិនិយោគសម្រាប់ក្រុមផលិតសហគមន៍កសិកម្ម ទី៣.បង្កើនការផលិតមាន់ និងបន្លែក្នុងចំណោមកសិករដែលយើងបានគាំទ្រ និងទី៤.ការបង្កើតប្រព័ន្ធទីផ្សារ និងមធ្យោបាយដឹកជញ្ជូន។ ហេតុនេះយើងឃើញថា ត្រាក់ទ័រនេះជាផ្នែកមួយជួយដល់សហគមន៍កសិកម្ម ដើម្បីពង្រីកមុខរបរបន្ថែម និងបបង្កើនប្រាក់ចំណូល»។

លោកបានឱ្យដឹងថា អង្គការហេហ្វឺកម្ពុជាបានចូលរួមពង្រឹង និងលើកកម្ពស់ការបង្កើនផលិតផលកសិកម្ម និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករតាមរយៈការបណ្តុះបណ្តាល និងផ្តល់ទុនវិនិយោគសំរាប់អនុវត្តសកម្មភាព កសិពាណិជ្ជកម្មផ្តោតលើខ្សែច្រវ៉ាក់ផលិតកម្មនៃការចិញ្ចឹមមាន់ស្រែខ្មែរ បន្លែសុវត្ថិភាព និងពង្រីកបន្ថែមនូវគម្រោងថ្មីនាពេលខាងមុខ។

គម្រោងកម្មវិធី ភីភីអ៊ិនភី/PPNP មានគោលបំណងដើម្បីពន្លឿន ការរីកលូតលាស់នៃផលិតកម្មមាន់ស្រែខ្មែរ តាមរយៈការវិនិយោគលើការពង្រឹងអំណាចសហគមន៍កសិកម្ម និងការអភិវឌ្ឍសមត្ថភាពស្ថាប័នសហគមន៍កសិកម្ម ក៏ដូចជាការវិនិយោគលើការកសាងសហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរ ការកសាងកសិដ្ឋានភ្ញាស់កូនមាន់ស្រែស្តង់ដារ និងការគាំទ្រវិនិយោគលើកសិករខ្នាតតូច ឲ្យឈានទៅរកការបង្កើតសហគ្រាសកសិកម្មខ្នាតតូច-មធ្យម។

គម្រោងកម្មវិធីពង្រីកបន្ថែមលើសកម្មភាពការអនុវត្តគម្រោងកម្មវិធីកន្លងមករបស់អង្គការហេហ្វឺអន្តរជាតិកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ ដែលបានរៀបចំចងក្រង គ្រួសារកសិករខ្នាតតូចចំនួន ១៥១ ០៨៩ ទៅ ៣០០ ០០០គ្រួសារ គិតត្រឹមឆ្នាំ ២០៣០ ឱ្យក្លាយទៅជាក្រុមជួយខ្លួនឯង សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម ក្នុងគោលបំណងលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃនៃផលិតកម្មមាន់ស្រែខ្មែរ និងបន្លែសុវត្ថិភាព។

គម្រោងកម្មវិធីនឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ ដល់គ្រួសារកសិករប្រមាណ ១៥១ ០៨៩ គ្រួសារ គិតត្រឹមឆ្នាំ ២០២៦ ក្នុងខេត្តចំនួន ១១ ខេត្ត ដែលនឹងអាចបង្កើតប្រាក់ចំណូលបានច្រើនសម្រាប់គ្រួសារកសិករ និងរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការផ្គត់ផ្គង់ស៊ុតមាន់ កូនមាន់ មាន់យកសាច់ និងសាច់មាន់កែច្នៃ និងវេចខ្ចប់ មាន់ស្រែខ្មែរនៅក្នុងស្រុក និងការកាត់បន្ថយការនាំចូលសាច់មាន់ពីប្រទេសជិតខាង។

ដើម្បីសម្រេចបាននូវគម្រោងកម្មវិធីដ៏ធំនេះ អង្គការហេហ្វឺអន្តរជាតិកម្ពុជាបាននឹងកំពុងសហការជាមួយ សហគមន៍កសិកម្មចំនួន ៥២ ក្នុងខេត្តចំនួន១១ អង្គការដៃគូ ដៃ​គូ​អភិវឌ្ឍន៍ វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ពន្ឋ័ ដើម្បីពិនិត្យលទ្ធភាពក្នុងការកសាង កសាងសហគ្រាសកែច្នៃមាន់ស្រែខ្មែរ កម្រិតខា្នតតូចមធ្យម នៅខេត្តកំពង់ស្ពឺ និង​ខេត្តសៀមរាប, សហគ្រាសភ្ញាស់មាន់ស្រែខ្មែរ កម្រិតខា្នតតូចមធ្យម នៅខេត្តកំពង់ឆ្នាំង គ្រួសារកសិករសរុបចំនួន ២៨៥ គ្រួសារ នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការ​ពង្រីក​កសិពាណិជ្ជកម្មចញ្ចឹមមាន់យកស៊ុត និងជួយពង្រីកវិសាលភាពកសិពាណិជ្ជកម្មប្រកបដោយចេរភាព របស់គ្រួសាកសិករផលិតមាន់យកសាច់ចំនួន ៤,៩០០ គ្រួសារ ។

ដើម្បីសម្រេចបាននៃគម្រោងកម្មវិធីខ្សែច្រវ៉ាក់សហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានរៀបចំនៅខ្សែច្រវ៉ាក់សំខាន់ៗចំនួន ៥ រួមមាន៖ គ្រួសារកសិករផលិតស៊ុតមាន់ស្រែខ្មែរសម្រាប់ភ្ញាស់
កសាងកសិដ្ឋានភ្ញាស់កូនមាន់ស្រែស្តង់ដារ គ្រួសារកសិករផលិតមាន់យកសាច់ កសាងសហគ្រាសកែច្នែផលិតផលមាន់ស្រែខ្មែរណទីផ្សារ និង ការចែកចាយផលិតផលមាន់ស្រែខ្មែរយកសាច់ ៕