(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ មិនទាន់សម្រេចនូវសំណើររបស់ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ ដែលបានស្នើសុំធ្វើបាតុកម្ម នៅខែក្រោយនេះនៅឡើយទេ ក៏ប៉ុន្ដែអាជ្ញាធរគ្រោងនឹងជួបពិភាក្សាជាមួយ លោក ម៉ម សូណង់ដូ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ។

លោក មាន ចាន់យ៉ាដា បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ថា «មកទល់ពេលនេះ សាលារាជធានី មិនទាន់សម្រេចថាអនុញ្ញាត ឬមិនអនុញ្ញាត ឱ្យលោក ម៉ម សូណង់ដូ ធ្វើបាតុកម្មដោយសន្ដិវិធីនៅឡើយទេ ប៉ុន្ដែសាលារាជធានី គ្រោងនឹងហៅគាត់មកពិភាក្សាថា តើគាត់មានគោលបំណងអី ក្នុងការធ្វើបាតុកម្មនេះ ហើយការធ្វើបាតុកម្មនេះ មានមនុស្សប៉ុន្មានអ្នកចូលរួម ចំពោះការហៅជួបពិភាក្សានេះដែរ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ»

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ លោក ម៉ម សូណង់ដូ បានស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីសុំធ្វើបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ ក្នុងគោលបំណងដើម្បីសំណូមពរដល់អង្គភាពប្រឆាំងអំពើពុក រលួយ ACU ដកពាក្យបណ្តឹង និងការចោទប្រកាន់ទៅលើមន្រ្តីអង្គការសង្គមស៊ីវិល ចំនួន៤នាក់ និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារ៕