(ភ្នំពេញ)៖ ខណៈដែលពិធីភ្ជាប់ពាក្យ របស់តារាកំប្លែងវ័យ១៧ឆ្នាំ ត្រូវជាកូនស្រីរបស់លោក ​សុវ​ណ្ណ ឫ​ទ្ធី ហៅ​ តា​វ៉ិ​ច​ទ័​រ ប្រ​ធាន​ផលិតកម្ម​វិធី​កម្សាន្ត​ របស់​ទូរទស្សន៍ CTN គឺកញ្ញា វ៉ាន់ នីឡា ទើប​តែត្រូវបានបញ្ចប់កន្លងផុតទៅ បានមួយថ្ងៃនោះ ស្រាប់តែផ្ទុះដំណឹងថា តារាកំប្លែងប្រុសរួមក្រុម គឺនាយ ចឺម ហាក់មានអារម្មណ៍ខូចចិត្ត ព្រោះតែដៃគូសម្តែងដ៏ស័ក្តិសម វ៉ាន់ នីឡា បើកបេះដូង​ព្រម​ភ្ជាប់ពាក្យ ជាមួយ​ប្រុសរបស់ថៅកែល្ខោនបាសាក់ ភី សុគន្ធី ​ចោលខ្លួន។ ជាពិសេស គឺដំណឹងក្នុងបណ្ដាញសង្គម Facebook ។

ជាមួយការបែបធ្លាយដំណឹង ដ៏រសើបនេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏បានការបង្ហោះចែករំលែករូបភាពនាយ ចឹម ភ្ជាប់ជាមួយឃ្លីបវីដេអូចម្រៀងបទរបស់នាយ មានចំណងជើងថា «ពុកអើយម៉ែអើយ នាងការចោ​លខ្ញុំហើយ» ដោយប្រែក្រឡាស់ដាក់ចំណងជើងថ្មីថា «បទថ្មីកំពុងល្បីពេញហ្វេសប៊ុក៖ វីដេអូថ្មីបទ ពុកអើយម៉ែអើយ នីឡា ភ្ជាប់ពាក្យចោលខ្ញុំហើយ»។ មិនតែប៉ុណ្ណោះ ក៏មានការបង្ហោះរូបប្រៀ​ប​ធៀ​បគ្នា រវាង នីឡា ថតជាមួយនាយ ចឺម និងរូបភាព នីឡា គ្រាផ្ទឹមចងដៃ​ជាមួយអនាគតស្វា​មី លោក ផន រស្សី ថាតើរវាងអ្នកទាំងពីរ​ នរណាស័ក្តិសមជាមួយ វ៉ាន់ នីឡា ជាង​?

ឆ្លើយតបនឹងការលើកឡើង​ខាងលើនេះ តារាកំប្លែងវ័យក្មេងនាយ ចឺម បានថ្លែងប្រាប់គេហទំព័​រ Khmertalking នៅរសៀលថ្ងៃទី២០ ខែឧសភា  នេះទាំងអស់សំណើចថា «មានរឿងចឹងមកពីណា បង …! (សើច) ចេះតែដុតខ្ញុំ​ហើ​យ អត់ដែលដឹងអីផង។ ផ្ទុយទៅវិញខ្ញុំមានតែសប្បាយចិត្ត ដែលប្អូនបានភ្ជាប់ពាក្យបែបនេះ ..!»

នាយ ចឹម បានបញ្ជាក់ទៀតថា «គ្មានរឿងហ្នឹងកើតឡើងទេ រវាងខ្ញុំនិង​នីឡា គឺរាប់អានគ្នាចាត់ទុកដូចជាប្អូនស្រីបង្កើតចឹង !ដោយសារយើងលេងកំប្លែង ជាមួយគ្នាមានរយៈពេល៦ឆ្នាំមកហើ​យ។ ដូច្នេះអ្វីៗគឺស្រឡាញ់រាប់អានគ្នា មិនខុសពីបងប្អូននោះទេ។ ចំណែករឿងដែលគេថា ខ្ញុំអត់ចិត្ត​ឬខូចចិត្តនោះ វាមិនពិតទាល់តែសោះ ហើយក៏សង្ឃឹមថា ទស្សនិកជនឈប់មានការយល់ច្រឡំ និងដាក់ការសង្ស័យបែបនេះ មកលើខ្ញុំទៀត..!»។

ជាមួយនឹងការបញ្ជាក់ដូច្នេះ នាយ ចឹម ក៏បាននិយាយលក្ខណៈលេងសើចថា «រាល់ថ្ងៃនេះ មនុ​ស្ស​សុភាពអស់ត្រឹម ចឺម នេះហើយ គឺនៅស្ស៊ីនល្អទាំងអស់ (ភាពបរិសុទ្ធ)…។ ​ម្យ៉ាងទៀតសូម​ផ្តាំប្រាប់កញ្ញាផងថា ចឺម នៅកំលោះបរិសុទ្ធ មិនទាន់អស់ភាពស្ស៊ននៅឡើយទេ (សើច) …!»

សូមបញ្ជាក់ថា តារាកំប្លែងវ័យក្មេង របស់ស្ថានីយទូរទស្សន៍ CTN ស្ថិតក្នុងក្រុមនាយ ពាក់​មី គឺកញ្ញា វ៉ាន់ នីឡា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២​​០១៦នេះ បានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ជាផ្លូវការជាមួយបុរសរូបសង្ហា ថៅកែអកកេះ និង​ត្រូវ​ជា​កូ​នប្រុសរបស់ថៅកែល្ខោន អ្នកស្រី ភី សុគន្ធី ប្រចាំខេត្តតាកែវ ដែលពិធីនេះធ្វើឡើងនៅឯគេហដ្ឋាន របស់ឪពុក​ម្តា​យនាង នៅម្តុំទូរសទស្សន៍ C​TN ឬស្សីកែវ ដោយមានការអញ្ជើញភ្ញៀវ ចូលរួមយ៉ាងច្រើនកុះករផងដែរ៕