(កំពង់ចាម)៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ខ្លួនពាក់ព័ន្ធករណីលួចទូរស័ព្ទក្នុងរោងការ តាមបណ្ដឹងរបស់ជនរងគ្រោះចំនួន៦នាក់ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះថា នៅថ្ងៃទី១៦ ខែមិថុនា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម បានទទួលបណ្តឹងពីជនរងគ្រោះ ចំនួន០៦នាក់ ថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួច (ទូរស័ព្ទដៃ) សរុបចំនួន០៨គ្រឿង ដែលជារបស់ពួកគាត់ នៅចំណុចរោងការស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួច លោបានបញ្ជាឲ្យកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវលើករណីខាងលើ និងមានការសម្របសម្រួលនិតិវិធី ពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។ រហូតដល់យប់ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។

ជនសង្ស័យទី១៖ ឈ្មោះ សៅ សុភ័ណ្ឌ អាយុ១៦ឆ្នាំ រស់នៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម, ទី២ឈ្មោះ ពៅ ភារាក់ ហៅសីហា អាយុ១៨ឆ្នាំ រស់នៅភូមិវាលស្បៅ ឃុំអំពិល ស្រុកកំពង់សៀម និងទី៣៖ ឈ្មោះ ចាន់ សុផានិត ហៅ ពងទាកូន អាយុ១៨ឆ្នាំ រស់នៅភូមិវាលស្បៅ ឃុំអំពិល ស្រុកកំពង់សៀម។ ជនសង្ស័យទាំង០៣នាក់នេះ ធ្វើតេស្តរកសារធាតុញៀនឃើញមានវិជ្ជមានទាំង០៣នាក់។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ទូរស័ព្ទចំនួន៨ គ្រឿង ដែលជារបស់ជនរងគ្រោះ, ម៉ូតូចំនួន១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1AC-0094 ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព។ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនទាំង៣នាក់ ពិតជាបានដើរធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ប្រាកដមែន និងកន្លងមកធ្លាប់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ បានចំនួន ០៦លើកមកហើយ នៅក្នុងភូមិសាស្ត ក្រុងកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កម្លាំងជំនាញបានកសាងសុំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាងកម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញ៕