(ភ្នំពេញ)៖ ស្ត្រីមេម៉ាយម្នាក់ បានចង-ក សម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយពេលម្តាយរបស់សព បានបាត់កូនកន្លះថ្ងៃ ហើយដើររក ក៏ប្រទះឃើញកូនស្រីរបស់ខ្លួន ចងកនៅសំយ៉ាបដំបូលផ្ទះតែម្តង នៅរសៀលថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះខាងលើ មានឈ្មោះ សៀម សំណាង ហៅអាគៀង អាយុ២៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានលែងលះជាមួយប្តី ជិត៣ឆ្នាំមកហើយ។ ម្តាយស្រ្តីរងគ្រោះបានប្រាប់ឱ្យដឹងថា «នៅមុន​កើត​ហេតុ ខ្ញុំបានទៅផ្សារទិញម្ហូប លុះមកដល់ផ្ទះវិញ ក៏ដេកនៅក្នុងបន្ទប់ខាងក្រោមផ្ទះ ឯកូនស្រីខ្ញុំដេកនៅបន្ទប់ជាន់ខាងលើ ក្រោយមក ខ្ញុំក៏ភ្ញាក់ ហើយឡើងទៅដាស់កូន ស្រាប់តែឃើញវាចងក នៅនឹងចម្រឹងដែកដំបូលផ្ទះ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏ឡើងទៅកាត់ខ្សែរគោចេញ ដើម្បីសង្គ្រោះអាយុជីវិតកូន តែជាអកុសលគេបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ ខ្ញុំអាណិត​កូនណាស់»

បច្ចុប្បន្ន សពស្រ្តីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ច កំពុងធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុថា តើស្រ្តីរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯង ឬយ៉ាងណា៕