(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព និងសំណេះសំណាល ជាមួយមន្ត្រីនៃអង្គភាពមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនោះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម លោកស្រី សម ផល្លា បានឲ្យដឹងថា បច្ចុប្បន្នភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលកំពុងដំណើរការផ្សព្វផ្សាយមានដូចជា ផេកចំនួន៤, Telegram Channel ១, គេហទំព័រ១ , វិទ្យុអនឡាញ១, ទូរទស្សន៍ផ្សាយលំហ១, និង ផ្សាយតាមរយៈ ទូរទស្សន៍ខ្សែកាប ៣ Channel ។

ទន្ទឹមនឹងនេះដែរ អង្គភាពមន្ទីរព័ត៌មានខេត្ត បានផលិតកម្មវិធីផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ក្នុងមួយថ្ងៃ២ម៉ោងផងដែរ ។

លោកស្រី សម ផល្លា បានបញ្ជាក់ថា អ្វីៗដែលធ្វើឲ្យមានការរីកចម្រើនដល់មន្ទីរព័ត៌មានខេត្តកំពង់ចាមដូចពេលនេះ គឺដោយសារមានការសហការល្អពីអាជ្ញាធរ និងមន្ទីរស្ថាប័នគ្រប់ជំនាញ ដែលរួមសហការ ក្នុងការផ្សព្វផ្សាយព័ត៌មាន តាមរយៈនាទីសន្ទនាមតិជាដើម ។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានតាម Facebook បើនិយាយប្រៀបធៀបលើឧស្សាហកម្ម បានន័យថា វាជាផលិតផលពាក់កណ្ដាលសម្រេច ប៉ុន្តែព័ត៌មានលើផេករបស់មន្ទីរ គឺជាផលិតផលសម្រេច ពោលគឺបើទោះជា ជួនកាលចេញផ្សាយយឺតបន្តិចក៏ពិតមែន ប៉ុន្តែមានមូលហេតុគ្រប់គ្រាន់។ រីឯគោលការណ៍របស់អ្នកព័ត៌មាន គឺលឿន, ប្លែក, ទុកចិត្តបាន, នៅទីណា, ពេលណា , ទាំង៥នេះ គឺសំខាន់ជាងគេ គឺព័ត៌មានដែលទុកចិត្តបាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងទៅនេះ មន្ទីរព័ត៌មានខេត្តកំពង់ចាម ផលិតព័ត៌មានបានលឿន និងបានល្អ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអង្គភាពមន្ទីរព័ត៌មានខេត្ត ត្រៀមរៀបចំផលិតព័ត៌មាន អំពីការអភិវឌ្ឍ៥ឆ្នាំរបស់ខេត្ត ដែលមានរយៈពេលយ៉ាងច្រើនត្រឹម៣០នាទី ដើម្បីទុកចូលរួមផ្សព្វផ្សាយ ក្នុងពិធី បិទសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាននាពេលខាងមុខ៕