(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយផែនការ និងប្រគល់សម្ភារបរិក្ខា ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២។ ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នាកិច្ចប្រជុំថ្ងៃនេះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់នៃគណៈកម្មការ ADMM ២០២២ ដូច្នេះនាយ-នាយរងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់គណៈប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាននាពេលខាងមុខនេះឲ្យបានល្អ។

លោកមេបញ្ជាការ រ័ត្ន ស្រ៊ាង ក៏បានបំពាក់ជូននូវសម្ភារបរិក្ខាថ្មីៗបន្ថែម រួមមាន អាវចាំងពន្លឺ ខ្សែក្រវាត់ ស្បែកជើង មួកប៉េរ៉េ មួកម៉ូតូជូនដល់កងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីត្រៀមប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួនឲ្យមានការឯកភាពគ្នាប្រកបដោយវិន័យសណ្តាប់ធ្នាប់។

គួរជម្រាបថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនេះដែរនឹងត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦៕