(ភ្នំពេញ)៖ វគ្គសិក្សា លើកទី៣ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ ដែលជាសប្តាហ៍ទី២ បានចាប់ផ្ដើមមេរៀនដំបូងអំពីរបៀបសរសេរព័ត៌មាន ដោយបង្ហាញអំពីក្រមសីលធម៌វិជ្ជាជីវៈ និងតម្លៃព្រឹត្តិការណ៍ ដែលគួរយកមកសរសេរជាព័ត៌មាន ដល់សិក្ខាកាម។

នៅក្នុងថ្នាក់សិក្សានេះ មានសិស្សជាង៥០នាក់ ដោយក្នុងនោះមាន អ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ សិស្សិនិស្សិត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល និងវិស័យឯកជនផងដែរ។ សិក្ខាកាមមានសកម្មភារស់រវើក ដោយមានការសួរ និងឆ្លើយសំណួរជាច្រើនដោយសេរី ទៅលើប្រធានបទសិក្សា។

នៅក្នុងថ្នាក់សិក្សា លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានបង្ហាញអំពីអ្វីដែលអ្នកសារព័ត៌មានគួរធ្វើ និងមិនគួរធ្វើ ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ដឹង។ លោកបានផ្តល់និយមន័យនៃព័ត៌មាន ព្រមទាំងបង្ហាញអំពីព្រឹត្តិការណ៍ ដែលគួរ ឬមិនគួរយកមកសរសេរជាព័ត៌មាន ដោយគូសបញ្ជាក់ថា គ្រប់ព្រឹត្តិការណ៍ទាំងអស់ មិនមែនសុទ្ធតែមានតម្លៃជាព័ត៌មាននោះទេ។

លោកបា នពន្យល់ថា ក្នុងនាមជាអ្នកសារព័ត៌មាន គឺត្រូវចេះបែងចែង និងជ្រើសរើសព្រឹត្តិការណ៍ ដើម្បីយកមកសរសេរជាអត្ថបទព័ត៌មាន ហើយដើម្បីឲ្យការជ្រើសព្រឹត្តិការណ៍មួយបានត្រឹមត្រូវ គឺអាស្រ័យលើចំណុចមួយចំនួនដូចជា៖ Timeliness (ថ្មី ឬភាពទាន់ពេលវេលា), (Unusualness) ភាពខុសប្រក្រតី, Importance (សំខាន់), Impact (ផលប៉ះពាល់), Consequence (ផលលំបាក), Prominence/celebrity (ភាពឆ្នើម ឬល្បីល្បាញ), Proximity ភាពក្បែរ (ភូមិសាស្រ្ត,ទីតាំង, ដំបន់, ចិត្តសាស្រ្ត), Conflict ទំនាស់ និង Prevalence or Currency (បច្ចុប្បន្នភាព) ជាដើម។

សូមបញ្ជាក់ថា វគ្គសិក្សាថ្មីរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News លើកទី៣នេះ បានចូលរៀននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក្រោយពីបានបញ្ចប់ការសិក្សាដោយជោគជ័យសម្រាប់ថ្នាក់សិក្សាជំនាន់ទី២ ក្នុងរយៈពេល៣ខែកន្លងទៅ។

យ៉ាងណាថ្នាក់បណ្ដុះបណ្ដាលដែលកំពុងសិក្សានេះ បាននិងកំពុងដំណើរការយ៉ាងរលូន ព្រមចំនួនសិស្សចង់ចុះឈ្មោះរៀនមានច្រើនលើសចំនួនកំណត់ទៅទៀត តែដោយសារថ្នាក់រៀនមានកំណត់ទើប FTC បើកទទួលសិស្សក្នុងមួយវគ្គតែ៥០នាក់ប៉ុណ្ណោះ។

FTC ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។ FTC មានលោក ម៉ារ យ៉ារិទ្ធ ដែលជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ ក្នុងនោះលោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។

ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា និងចុះឈ្មោះសូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334៕