(ក្រចេះ)៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តក្រចេះ និងអង្គការដៃគូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ បានបន្តរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ ដែលជាខេត្តគោលដៅចំនួន៦ ដើម្បីបញ្ឈប់ការដាក់អន្ទាក់ គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ក្នុងទិសដៅអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស សម្រាប់កូនចៅតជំនាន់ និងដើម្បីលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ ទូទាំងប្រទេសកម្ពុជា។

សម្រាប់ខេត្តក្រចេះ ទទួលរៀបចំដោយមន្ទីរបរិស្ថានខេត្តក្រចេះ រួមជាមួយអង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC នៅទីរួមខេត្តក្រចេះ ពិធីបើកយុទ្ធនាការនេះបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាលខេត្ត អង្គការដៃគូ សិស្សានុសិស្ស និងបងប្អូនប្រជាសហគមន៍។

នេះជាលើកទី៤ ដែលយុទ្ធនាការអន្ទាក់សូន្យត្រូវបានរៀបចំឡើង ក្នុងចំណោម៨ យុទ្ធនាការ ដែលយុទ្ធនាការទី១ បានរៀបចំឡើងដោយក្រសួងបរិស្ថាននៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ។ យុទ្ធនាការទី២ រៀបចំឡើងនៅខេត្តស្ទឹងត្រែង រៀបចំដោយអង្គការ WWF និងយុទ្ធនាការទី៣ ដែលទើបតែបញ្ចប់ថ្មីៗនេះរៀបចំដោយអង្គការ WCS នៅខេត្តព្រះវិហារ។

គោលដៅចម្បងនៃ «យុទ្ធនាការអន្ទាក់សូន្យ» ត្រូវបានធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤រួមមាន៖

*ទី១៖ កត្តាគម្រាមគំហែងដែលបង្កឡើងដោយការដាក់អន្ទាក់
*ទី២៖ ភាពចាំបាច់ នៃការពង្រឹងការអនុវត្តច្បាប់ដោយប្រសិទ្ធភាពនៅក្នុងតំបន់ការពារ
*ទី៣៖ សារៈសំខាន់នៃការកាត់បន្ថយតម្រូវការសាច់សត្វព្រៃ
*ទី៤៖ ចូលរួមសហការរួមគ្នាជាមួយអាជ្ញាធរអនុវត្តច្បាប់នៅថ្នាក់ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។

ជាមួយគ្នានឹងការបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះនេះ មានម្ចាស់ភោជនីយដ្ឋានចំនួន៥ បានចេញមកប្រកាស និងប្តេជ្ញាមិនយកសាច់ព្រៃដើម្បីធ្វើម្ហូបជូនភ្ញៀវពិសារជាដាច់ខាត។ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំង៥ខាងលើ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ក្រុងក្រចេះ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនផងដែរ។

អង្គការ WWF បានឱ្យដឹងថា ការរៀបចំយុទ្ធនាការនេះ គឺដោយសារកត្តាគំរាមកំហែងដែលបង្កឡើងដោយការដាក់អន្ទាក់ភាពចាំបាច់ នៃការពង្រឹងការអនុវត្តច្បាប់ដោយប្រសិទ្ធភាព នៅក្នុងតំបន់ការពារ និងសារៈសំខាន់នៃការកាត់ បន្ថយតម្រូវការសាច់សត្វព្រៃ។ យុទ្ធនាការនេះមានគោលដៅចូលរួមសហការរួមគ្នាជាមួយអាជ្ញាធរអនុវត្តច្បាប់នៅថ្នាក់ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បន្តអំពាវនាវដល់បុគ្គលគ្រប់រូបនៅក្នុងប្រទេសកម្ពុជាឱ្យ និយាយថា «ទេចំពោះការទិញលក់ ឬបរិភោគសាច់សត្វព្រៃ»។ បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ក្រសួងបរិស្ថាន សូមធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចសហការរួមគ្នាល្អពីសំណាក់អង្គការដៃគូទាំងអស់ក្នុងការរៀបចំ និងអនុវត្តយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារដោយជោគជ័យ ហើយដែលព្រឹត្តិការណ៍ទាំងអស់ នោះពិតជាបានពញ្ញាក់ស្មារតី និងចំណាប់អារម្មណ៍របស់សាធារណៈជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យចង់ស្វែង យល់បន្ថែមអំពីយុទ្ធនាការនេះ ខណៈពេលប្រជាជន និងអ្នកពាក់ព័ន្ធមួយចំនួនបានចាប់ផ្តើមចូលរួមផ្សព្វផ្សាយបន្ត»

លោកបានអំពាវនាវយ៉ាងទទូចថា៖ «ផ្អែកលើលទ្ធផលបថមនេះ ខ្ញុំសូមឧទ្ទិសឱ្យស្មារតី និងតម្លៃនៃយុទ្ធនាការ ត្រូវបានចងចាំទុក និងពូនផ្លោងឡើងពីសំណាក់ប្រជាជនកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីលើកទឹកចិត្តឲ្យ មានសកម្មភាពរួមគ្នាបន្ថែមទៀតសំដៅធានាគ្មានការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បំបាត់ឲ្យបាន នូវការបរបាញ់គ្រប់ទម្រង់ដែលច្បាប់ហាមឃាត់ និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់»

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការការពារសត្វព្រៃ និងធនធានធម្មជាតិកម្ពុជា ដើម្បី គាំទ្រការចូលរួមកសាងសេដ្ឋកិច្ចមូលដ្ឋានឱ្យប្រសើរឡើងថែមទៀត ជាពិសេសតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ និងសម្រាប់ជាប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា និងសកលលោក។

សូមជម្រាបថា យុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ខែ ក្នុងខេត្ត៦ ភាគខាងកើតទន្លេមេគង្គ រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើម និងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស៕