(ម៉ូស្គូ)៖ រដ្ឋាភិបាលប្រទេសព្រុយណេ អាចនឹងទិញយន្តហោះដឹកអ្នកដំណើរ ប្រភេទ Sukhoi Superjet ជាច្រើនគ្រឿង ពីប្រទេសរុស្ស៊ី នេះបើតាមការលើកឡើង របស់លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង និងបានចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ។

ស្តេចនៃប្រទេសព្រុយណេ ព្រះអង្គ Hassanal Bolkiah បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយក្នុងជំនួបនោះ ព្រុយណេ បានចាប់អារម្មណ៍ចង់ទិញយន្តហោះ Sukhoi Superjet និងបានសួរថា បើសិនជាទិញ ១០០គ្រឿង តើរុស្ស៊ីអាចធ្វើការដឹកជញ្ជូនបានបានឬទេ?

ពាក់ព័ន្ធនឹងសំណួរនេះ ត្រូវបានលោក Peskov ថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយស្រង់សំដីរបស់លោក Putin ថា៖ «វាមិនមែនជាបញ្ហានោះទេ សម្រាប់រុស្ស៊ី»។

លោកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលរុស្ស៊ី និងព្រុយណេ អាចនឹងបង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិផងដែរ។ ស្តេចនៃប្រទេសព្រុយណេ ព្រះអង្គ Hassanal Bolkiah បានអញ្ជើញលោកប្រធានាធិបតី Putin ដើម្បីបំពេញទស្សនកិច្ច ទៅកាន់ប្រទេសរបស់ ព្រះអង្គផងដែរ។

គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ Sukhoi Superjet ត្រូវបានផលិតឡើងនៅឆ្នាំ ២០០៨ និងហោះហើរជាលើកដំបូងនៅឆ្នាំ ២០១១ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ៩៨នាក់ ហើយ​មាន​តម្លៃ ៣៦លានដុល្លារអាមេរិក ក្នុងមួយគ្រឿង៕