(ក្រចេះ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកសំបូរ ក្រោមការដឹកនាំផ្ទាល់ពីលោក ឡុង យឹង ប្រធានមន្ទីរយុត្តិធម៍ បានចុះបង្ក្រាបឈើល្មើសច្បាប់ចំនួន៣ទូក ស្មើជាច្រើនម៉ែត្រគូប នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅតាមច្រាំងទន្លេ ចំណុចភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

លោក ឡុង យឹង ប្រធានមន្ទីរយុត្តិធម៍ បានឱ្យដឹងថា ក្នុងចុះបង្រ្កាបនេះដោយមានការចង្អុលបង្ហាញ និងមានបទបញ្ជាដ៏តឹងរឹង របស់លោកឧត្តមសេនីយ៍ សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ទើបលោកដឹកនាំកម្លាំង ឈានដល់ការឃាត់ទូកផ្ទុកឈើ៣គ្រឿង និងដកហូតបានឈើក្ដា ប្រមាណជិត៤០មែត្រគូប។

លោកបានបន្ដថា ម្ចាស់ទូកមានគ្នា៣នាក់ ទី១ឈ្មោះ ស៊ុល ហះ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី២ឈ្មោះ សុះ ព្រែក ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និងទី៣ឈ្មោះ សាន់ ម៉ូត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែឥស្លាម អ្នកទាំង៣នាក់រស់នៅភូមិជីនិក ឃុំជីនិក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បន្ថែមពីនេះទៅទៀត លោក ឃ្លាំង រ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈ បានឲ្យដឹងថា ឈើនិងទូកទាំងនេះ ត្រូវលោកនាយផ្នែករដ្ឋបាលព្រៃឈើ ព្រែកប្រសព្វ បញ្ជាឲ្យនាំយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើជ្រូយបន្ទាយ ព្រោះសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈ ទីតាំងតូចចង្អៀតពិបាក៕