(អេហ្ស៊ីប)៖ រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប ដែលជាជនរងគ្រោះនៅក្នុងហេតុការណ៍ធ្លាក់ យន្តហោះរបស់អាកាសចរណ៍អេហ្ស៊ីប Flight 804 បានថ្លែងថា ការបាត់ខ្លួននិងធ្លាក់នេះទំនងជា ពាក់ព័ន្ធនឹងអំពើភេរវកម្ម ជាជាងមកពីបញ្ហាបច្ចេកទេស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។

ការហ៊ានអះអាងដូចខាងលើនេះ ក៏ព្រោះតែតំបន់អឺរ៉ុបបច្ចុប្បន្នកំពុងតែ ទទួលរងការគំរាមកំហែង ដោយក្រុមភេរវករ ISIS ដែលបានបង្ករឿងជាច្រើនលើករួចមកហើយ។ បន្ថែមពីនេះទៀត តំបន់ដែនសមុទ្រមេឌីទែរ៉ាណេ ក៏ជាទីតាំងដែលក្រុមជនភៀសខ្លួនឆ្លងកាត់ ហើយមួយចំនួនត្រូវ បានគេអះអាងថាជា ពួកភេរវករបន្លំខ្លួនចូលមកកាន់តំបន់អឺរ៉ុបទៀតផង។

ប្រតិបត្តិការរុករកកំពុងបន្តនៅឡើយ ដោយមានការចូលរួមពីយោធាអេហ្ស៊ីប និង កម្លាំងទ័ពអាកាសជំនួយពីប្រទេសបារាំង។ ករណីបាត់យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ត្រូវបានគេរាយការណ៍មកថា មានជនជាតិ អេហ្ស៊ីប ៣០នាក់, បារាំង ១៥នាក់, ចក្រភពអង់គ្លេស ១នាក់, អ៊ីរ៉ាក់ ២នាក់, ប៊ែលហ្សិក ១នាក់, គុយវ៉េត ១នាក់, អារ៉ាប៊ីសាអូឌីត ១នាក់, ឆាដ ១នាក់, ព័រទុយហ្គាល់ ១នាក់, អាល់ហ្សេរី ១នាក់, កាណាដា ១នាក់, ស៊ូដង់ ១នាក់ ព្រមទាំងជនជាតិផ្សេងមួយចំនួនទៀត។

លោក Francois Hollande ប្រធានាធិបតីបារាំង បានបញ្ជាក់ជាផ្លូវការថា យន្តហោះ​របស់​ក្រុមហ៊ុន EgyptAir ប្រភេទ Airbus 320 ជើងហោះហើរ Flight 804 ត្រូវបានធ្លាក់ ប៉ុន្តែនៅមិនទាន់ដឹងពីមូលហេតុ​ដែលបណ្ដាលឲ្យធ្លាក់នោះទេ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយ។

លោក Hollande បាននិយាយថា «យន្តហោះពិតជាបានធ្លាក់មែន ប៉ុន្តែមូលហេតុនោះនៅមិនទាន់ដឹង​ ចំណែកជោគ​វាសនារបស់មនុស្សនៅលើយន្តហោះទាំងអស់ នៅមិនទាន់ទទួលបានដំណឹងទេ»។

យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ផ្ទុកមនុស្ស ៦៦នាក់ ត្រូវបានគេរាយការណ៍មកថា បានធ្លាក់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក្បែរកោះ Karpathos របស់ប្រទេសក្រិក៕