(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) បានសហការគ្នាជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ដើម្បីចូលរួមពង្រឹងឮនិងលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈដល់អ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋានឲ្យមានគុណភាពខ្ពស់បន្ថែមទៀត ព្រមទាំងទ្រទ្រង់ដល់ការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងបរិបទនៃការស្តារវិស័យទេសចរណ៍ឡើងវិញ។

ជាក់ស្ដែង គណៈកម្មការគ្រប់គ្រងគម្រោងហូកា ក្រោមកិច្ចសហការជាមួយអង្គការ UNIDO បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារីទាំងពីរភេទ ចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកាលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) តាមកាលបរិច្ឆេទដូចខាងក្រោម៖

១. ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២០-២៥ ខែមិថុនា ឆ្នាំ២០២២
២. ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២
៣. ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៤-៩ ខែកក្កដា ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលផ្តោតលើចំណេះដឹង និងជំនាញរួមមាន៖ (១) ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារនៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១) នីតិវិធីក្នុងភោជនីយដ្ឋាន (១២) អនាម័យ សន្តិសុខ និងសុវត្ថិភាពក្នុងហាង។

សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពពីគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ ការបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោលហូកា ដែលមានការទទួលស្គាល់ និងចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ពីរពេល។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ នៅខេត្តបាត់ដំបងត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តពោធិ៍សាត់ត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំងត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២៕