(ភ្នំពេញ)៖ អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ នៅកម្ពុជា លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានថ្លែងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែឧសភានេះ ក្រសួងពាណិជ្ជកម្មនៃប្រទេសថៃ នឹងរៀបចំជំនួបរវាងអ្នកជំនួញថ្នាក់មហាសេដ្ឋីរបស់កម្ពុជា និងប្រទេសថៃ ឲ្យបានជួបគ្នានៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីឲ្យពួកគេស្វែងរក និងផ្លាស់ប្តូរការធ្វើជំនួញជាមួយគ្នា។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានបញ្ជាក់ថា អ្នកជំនួញថ្នាក់មហាសេដ្ឋីរបស់កម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី នឹងត្រូវជាមួយមហាសេដ្ឋីរបស់ថៃ ដែលដឹកនាំដោយ លោកឯកអគ្គរាជទូតថៃ នៅសណ្ឋាគារមួយ ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងបំណងបង្កើននូវទំនាក់ទំនងសម្ព័ន្ធភាព រវាងអ្នកជំនួញថ្នាក់មហាសេដ្ឋីរបស់ថៃ និងកម្ពុជា ដើម្បីបានស្គាល់គ្នា និងដើម្បីមានឱកាសក្នុងការ ធ្វើពាណិជ្ជកម្មជាមួយគ្នា។

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានថ្លែងថា នៅថ្ងៃទី២៨ ខែឧសភាខាងមុខនេះ លោក ហ៊ុន ម៉ានី និងដឹកនាំប្រតិភូជាន់ខ្ពស់របស់កម្ពុជា រួមទាំងវិស័យឯកជន ដើម្បីចូលរួមក្នុងកម្មវធីចាប់ដៃគូពាណិជ្ជកម្ម ជាមួយអ្នកជំនួញថៃ ព្រមទាំងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ប្រទេសថៃ ហើយលោកជឿជាក់ថា កម្មវិធីជួបគ្នានោះនឹងទទួលបានជោគជ័យ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល បញ្ជាក់ទៀតថា នៅថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ស្ថានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ ក៏បានសហការជាមួយ សហព័ន្ធកីឡាយានយន្តកម្ពុជា មានរៀបចំដំណើ «កំសាន្ដមិត្តភាពឆ្ពោះទៅកាន់ខេត្តប៉ាតាយ៉ា» ប្រទេសថៃ ចំនួន៥ថ្ងៃរវាងកម្ពុជា-ថៃ ចេញដំណើរនៅថ្ងៃទី២៦ ពីទីក្រុងភ្នំពេញ ទៅកាន់ប៉ាតាយ៉ា ប្រទេសថៃ ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។

លោក មៀច សុផាន់ណា ​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បានថ្លែងថា នេះជាលើកទី១ ហើយដែលកម្ពុជាជាអ្នករៀបចំដោយផ្ទាល់ ក្នុងការរៀបចំបញ្ជូនក្បូនរថយន្តរបស់កម្ពុជា ទៅកាន់ប្រទេសថៃ ហើយជឿជាក់ថា ក្បូនរថយន្តនេះជានិមិត្តរូបនៃមិត្តភាព រវាងកីឡាកររបស់សហព័ន្ធកីឡាយន្តកម្ពុជា និងកីឡាកររបស់ថៃ។ ជាពិសេសជាងគេនេះ ក្បូនរថយន្តនេះ ក៏នាំនូវពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ៕