(ភ្នំពេញ)៖ ទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោង ដុះស្លែង មួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលខណ្ឌ ចុះបង្ក្រាបដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ និងបាញ់អាប៉ោងចំនួន៤នាក់ ដកហូតមាន់ចំនួន ១៦ក្បាល ព្រមទាំងឧបករណ៍សម្រាប់បាញ់អាប៉ោងមួយចំនួនទៀត។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្វៀងជល់មាន់ខាងលើនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចក្នុងដីឡូតិ៍ មួយកន្លែង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ទើបគណៈបញ្ជាការឯកភាពខណ្ឌ បើកប្រតិបត្តិការចុះបង្ក្រាបតែម្តង។

លោក ឯក ឃុនឌឿន បានបន្តថា ខណៈពេលកំពុងចុះបង្ក្រាបទីតាំងសង្វៀងជល់មាន់ខាងលើនេះ ឃើញមានក្រុមអ្នកលេងល្បែងជាច្រើននាក់បានប្រមូលផ្តុំគ្នា កំពុងតែភ្នាល់មាន់ និងខ្លះទៀត បានចោមរោមចាក់និងភ្នាល់យ៉ាងច្រើនកុះករ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌ បានធ្វើការបង្ក្រាបក្រុមអ្នកញៀនល្បែងទាំងនោះ តែពេលនោះ ក្រុមអ្នកញៀនល្បែងបាននាំគ្នារត់ប្រសាចយកតែរួចខ្លួនចោលមាន់, ចោលចានអាប៉ោង និងម៉ូតូរបស់ខ្លួន ក្នុងនោះ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៤នាក់តែប៉ុណ្នោះ។

កម្លាំងសមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺសមត្ថកិច្ចយើងបានឃាត់មនុស្សចំនួន ៤នាក់ ព្រមទាំងដកហូតមាន់ចំនួន ១៦ក្បាល, រថយន្តចំនួន ២គ្រឿង, ម៉ូតូកង់៣ចំនួន ២គ្រឿង, ម៉ូតូចំនួន ៩គ្រឿង, សម្ភារៈបាញ់អាប៉ោងព្រមទាំងកៅអី និងទ្រុងមាន់មួយចំនួនទៀតផងដែរ។

ក្រោយពីធ្វើការឃាត់ខ្លួនក្រុមអ្នកញៀនល្បែងទាំង ៤នាក់ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕