(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា សំណើរបស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ដែលផ្ញើទៅអង្គការសហប្រជាជាតិ ឱ្យអន្តរាគមន៍កោះ​ប្រជុំប្រ​ទេស​ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោះស្រាយបញ្ហានយោបាយនៅកម្ពុជានោះ នឹងមិនមានប្រសិទ្ធភាពនោះទេ។

លោកបានបញ្ជាាក់ថា អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដើម្បីការពារដោះស្រាយកុំឱ្យមាន សង្រ្គាមលោកកើតឡើងបន្តទៀត ប៉ុន្តែមិនមានតួនាទីលូក​លាន់លើកិច្ចការផ្ទៃក្នុងប្រទេសណា​មួយឡើយ។

លោក សុខ ឥសាន បានប្រាប់ Fresh News ឱ្យដឹងថា «គាត់មានការយល់ច្រឡំចំបោះតួនាទី ភារកិច្ចរបស់អង្គការសហប្រជាជាតិហើយ។ ការបង្កើតអង្គការសហប្រជាជាតិឡើង មិនមែន​ឱ្យត្រួតត្រា គ្រប់គ្រង​ប្រទេសសមាជិកនៅលើពិភពលោកទេ គេឱ្យគ្រាន់តែសម្របសម្រួល កុំឱ្យកើតសង្រ្គាមលោកលើកទី៣ លើកទី៤ តទៅមុខទៀតតែប៉ុណ្ណោះ អញ្ចឹងអង្គការ​សហប្រជាជាតិមិនលូកដៃ ចូល​កិច្ចការ​ផ្ទៃក្នុងរបស់ប្រទេសជា សមាជិកនោះទេ ហើយរាល់សំណើរបស់គាត់ដែលលើកទៅអង្គការសហប្រជាជាតិនាពេលនេះ នឹងមិនមាន​ប្រសិទ្ធភាពនោះទេ»

លោក សុខ ឥសាន បញ្ជាក់ទៀតថា «គាត់ជាអ្នកបង្កើតបញ្ហា ហើយគាត់បានស្រែកឱ្យគេជួយ រាល់ថ្ងៃមានអ្វីដែលថារំលោភសិទ្ធិមនុស្ស គេអនុវត្តច្បាប់តែចំពោះ​ជនណាដែលរំលោភ​ច្បាប់​តែប៉ុណ្ណោះ បើសមាជិក សមាជិការបស់គាត់ប្រព្រឹត្តល្មើស គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ»

នាថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះ​ជាតិ បានអះអាងថា គណបក្សរបស់ខ្លួន បានសរសេរលិខិតទៅ លោក បាន គី​មូ​ន ដោយរៀបរាប់អំពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះ ក៏បានលើកឡើងថា  ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​​សន្តិភាព​ក្រុងប៉ារីស នោះមក បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅមិន​ទាន់មាន​ភាពល្អប្រសើ​ឡើយ៕