(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ៣០០.០០០ដុល្លារ ព្រមទាំងអង្ករចំនួន៩តោន សម្រាប់ខណ្ឌនីមួយៗ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ព្រមទាំងចូលរួមពីអភិបាលរង និងថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាតាមខណ្ឌនីមួយៗផងដែរ។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាមានថវិកាចំនួន៣០ម៉ឺនដុល្លារ និងអង្ករចំនួន ៩តោន ក្នុង១ខណ្ឌសម្រាប់១៤ខណ្ឌៗសម្រាប់ ប្រើប្រាស់កិច្ចការមនុស្សធម៌ ចែកជូនជនរងគ្រោះ និងងាយរងគ្រោះនៅពេលខាងមុខ៕