(ព្រះសីហនុ)៖ ខេត្តព្រះសីហនុបានប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២របស់កម្ពុជា និងទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើនប្រកប ដោយគុណភាព និងនិរន្តរភាព រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញជាផែនការជាច្រើនផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ នៅក្នុងប្រទេស ខេត្តព្រះសីហនុបានប្រែក្លាយពីខេត្តដែលមានភាព ស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចរស់រវើក ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលក្នុងអំឡុងវិបត្តិកូវីដ១៩។ តាមរយៈការ កែប្រែវិបត្តិកូវីដ១៩ ទៅជាឱកាសនៃការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលប្រទាក់ក្រឡាគ្នាសម្រាប់បម្រើ ឱ្យវិស័យទេសចរណ៍ និងការដឹកជញ្ជូន សំដៅជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងប្រែក្លាយខេត្តព្រះសីហនុជា ប៉ូលសេដ្ឋកិច្ចសំខាន់ទី២ របស់កម្ពុជា និងទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោក ឡុង ឌីម៉ង់ បន្ថែមថា ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើនប្រកបដោយគុណភាព និងនិរន្តរភាព រដ្ឋបាលខេត្ត ក៏ដូចមន្រ្តីជំនាញពាក់ព័ន្ធបាននិងកំពុងយក ចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់ រឹង រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្ដង់ដារសេវាកម្មទេសចរណ៍ ព្រមទាំងពង្រឹងការគ្រប់គ្រង សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ និងសេវាដឹកជញ្ជូនសាធារណៈ រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ ដើម្បីចូលរួមអភិវឌ្ឍ និងគាំទ្រដល់គោលនយោបាយ និងផែនការអភិវឌ្ឍទេសចរណ៍ជាតិរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន និងពេលអនាគត។

លោកអភិបាលរងបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានណែនាំដល់រដ្ឋបាលក្រុងមន្ទីរជំនាញ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ ផែនការសកម្មភាពមួយចំនួនទៀត ដូចជាបន្តការយកចិត្តទុកដាក់ត្រួតពិនិត្យ និងវាយតម្លៃអំពីការ អនុវត្តន៍នូវវិធានសុវត្ថិភាព ទេសចរណ៍ និងវិធានសុវត្ថិភាពសុខាភិបាលរបស់អាជីវករ និងប្រជាពលរដ្ឋ ការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការសហការជាមួយក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃស្តង់ដារ សេវាស្នាក់នៅ ទេសចរណ៍ ការជំរុញយុទ្ធនាការទីក្រុងស្អាត និងការ ជំរុញលើកទឹកចិត្តដល់វិស័យឯកជន បន្តអភិវឌ្ឍផលិតផលនិងសេវាកម្មទេសចរណ៍ថ្មីឱ្យបានសម្បូរបែបប្រកប ដោយស្ដង់ដារ គុណភាពនិងចីរភាព ដើម្បីចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការបើក ដំណើរការ សេដ្ឋកិច្ចសង្គមនិងទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ។

លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្ដានុពលទេសចរណ៍ សេដ្ឋកិច្ចឧស្សាហកម្មជាច្រើន ដែលត្រៀមខ្លួនក្នុងការ សម្រេច ឱ្យបាននូវមហិច្ឆតារបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុឈានមុខ នៅក្នុងប្រទេស ក៏ដូចជាតំបន់ ដើម្បីរុញច្រាននាវាកម្ពុជាអូសចេញពីវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដោយកូវីដ១៩។ ដូច្នេះរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តរបស់យើងបាននិងកំពុងត្រៀមខ្លួនក្នុងការផ្ដល់ នូវកិច្ចសហការនានា ជាពិសេសផ្តល់នូវ លក្ខណសម្បត្តិ ក៏ដូចជាសម្រួលដល់អ្នកវិនិយោគទេសចរបរទេសទាំងអស់ ដើម្បីឱ្យមានភាពទាក់ទាញ និងផ្តល់លទ្ធភាពឱ្យ អ្នកអាចធ្វើការប្រកបអាជីវកម្មធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុនេះ។

ក្នុងនោះដែរ លោកអភិបាលរងបានបញ្ជាក់ទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏បាននិងកំពុងខិតខំ យ៉ាងសកម្ម ក្នុងការពង្រឹងសន្តិសុខ និងសុវត្ថិភាព ដែលមានកងកម្លាំងគ្រប់ប្រភេទជាសេនាធិការផ្ទាល់ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដែលមកលម្ហែកម្សាន្ត នៅលើទឹកដីខេត្តព្រះសីហនុនេះ៕