(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអនុញ្ញាតិឱ្យលោក Takase Naoki អគ្គនាយកក្រុមហ៊ុន Gate Keeper Corporation Co., Ltd. និងលោក Koji Eguchi អគ្គនាយកក្រុមហ៊ុន MEDIROM Co., Ltd. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ជំនួបពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នាទីស្តីការក្រសួងសុខាភិបាល។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរដល់ក្រុមហ៊ុនជប៉ុនទាំងពីរ ដែលមានបំណងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនភ្ញៀវអំពីបទពិសោធន៍នៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើង ពីការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអគ្គមេបញ្ជការដឹកនាំ ចង្អុលបង្ហាញផ្ទាល់។ លើសពីនោះលោកស្រីបានគូសរំលេចថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកវិស័យឯកជន ជាមួយរដ្ឋក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ឱ្យដល់កម្រិតស្តង់ដារអន្តរជាតិ និងជំរុញការអភិវឌ្ឍធនធានមនុស្សផងដែរ។

ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើន ដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញ។

លោកអគ្គនាយកក្រុមហ៊ុន ក៏បានបង្ហាញឆន្ទៈក្នុងការគិតគូវិនិយោគវិស័យថែទាំសុខភាព ដោយនាំយក បច្ចេកវិទ្យាសុខាភិបាលទំនើបៗមកចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងឆ្លើយតបបានតាមតម្រូវការសុខភាពកាន់តែខ្ពស់របស់ប្រជាជនកម្ពុជា។

លោកអគ្គនាយកក្រុមហ៊ុន MEDIROM បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនមានការវិនិយោគជាមួយវិស័យសុខភាពឯកជន ដែលមានបទពិសោធន៍ធំនៃប្រទេសជប៉ុន និងមានសាខាជាង ២០០ នៅលើពិភពលោក ព្រមទាំងមានការសហការជាមួយក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុនមានគោលបំណងបង្កើតមជ្ឈមណ្ឌលពហុព្យាបាលនៅកម្ពុជា ដោយដាក់បញ្ចូលប្រព័ន្ធបច្ចេកវិជ្ជាកម្រិតខ្ពស់ ដើម្បីចូលរួមចំណែកផ្តល់សេវាថែទាំសុខភាពកម្រិតខ្ពស់ និងកាន់តែមានភាពងាយស្រួលដល់ប្រជាជនកម្ពុជា ដើម្បីអាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រកបដោយទំនុកចិត្តខ្ពស់។

ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការបានស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការវិនិយោគ វិស័យសុខាភិបាលនៅកម្ពុជា ប៉ុន្តែលោកស្រីរដ្ឋលេខាធិការបានស្នើសុំភាគីមិត្តជប៉ុន រៀបចំជាផែនការមួយច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមហ៊ុនទាំងពីរ និងបញ្ជូនផែនការមកក្រសួងសុខាភិបាលឱ្យបានលឿនតាមដែលអាចធ្វើបាន៕