(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីក្របខណ្ឌគ្រប់គ្រង ហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមសម្រាប់តំបន់អាស៉ីអាគ្នេយ៍ (Regional Workshop on Residual Risk Management Frameworks for Southeast Asia) ដែលសហការរៀបចំដោយមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់វិស័យសកម្មភាពមីន(ARMAC) និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) ព្រមទាំងមានការឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋាភិបាលប្រទេសស្វីស។ សិក្ខាសាលានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Residence ។

ក្នុងសុន្ទរកថាបើក លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយចាប់តាំងពីពេលនោះមក ប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវសុខសន្តិភាពពេញលេញ ប៉ុន្តែទោះបីយ៉ាងណាប្រជាជនមួយចំនួន នៅតែបន្តរស់នៅក្នុងតំបន់ដ៏សែនគ្រោះថ្នាក់ ក្នុងភាពភ័យខ្លាច និងធ្វើការនៅតំបន់ដែលមានការផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ សកម្មភាពមីនមនុស្សធម៌ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដោយធានាបាននូវដីមានសុវត្ថិភាពសម្រាប់សកម្មភាពចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះក៏កាត់បន្ថយចំនួនជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។

លោកបន្តទៀតថា រដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងដៃគូសកម្មភាពមីន បាននឹងកំពុងធ្វើការឥតឈប់ឈរ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងឆ្នាំ២០២៥ និងលុបបំបាត់នូវហានិភ័យទាំងអស់នោះ ដែលត្រូវគ្រប់គ្រងឲ្យបានតាមរបៀបដែលអាចធ្វើទៅបាន ក្នុងគោលដៅរួម គឺដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីឲ្យប្រជាជនអាចរស់នៅដោយគ្មានភាពភ័យខ្លាច។ អាជ្ញាធរមីន មិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យសកម្មភាពមីន និងការងារបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងតាមដាន ពិនិត្យ និងកែលម្អនូវផែនការយុទ្ធសាស្រ្តសំខាន់ៗឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅឲ្យកម្ពុជាជាទឹកដីគ្មានមីន។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរមីន បានរៀបចំឲ្យមានយន្តការភូមិអស់មីន ដែលជំរុញលើកទឹកចិត្តឲ្យមានការចូលរួមបន្ថែមពីវិស័យឯកជន និងសប្បុរសជននានាតាមធនធានកំណត់ ដើម្បីរួមគ្នាលុបបំបាត់ហានិភ័យនៅតាមសហគមន៍មូលដ្ឋាន។ ជាក់ស្តែង កម្ពុជាបានទទួលជោគជ័យ និងប្រកាសដោយមោទនភាពថាខេត្តកែបជាខេត្តអស់មីនដំបូង និងខេត្តព្រៃវែងជាខេត្តអស់មីនទីពីរ ព្រមទាំងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរំដោះផ្ទៃដីមានមីនឲ្យអស់ពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ និងពីភូមិមួយទៅមួយ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងប្រកបដោយមោទនភាពថា កម្ពុជានឹងអាចធ្វើជាម្ចាស់ផ្ទះម្តងទៀតសម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់តំបន់បែបនេះ ដោយសារកម្ពុជាមានប្រវត្តិសាស្ត្រយូរលង់ក្នុងការគ្រប់គ្រងវិស័យមីន និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ លោកទេសរដ្ឋមន្រ្តី បានណែនាំដល់អង្គសិក្ខាសាលាថា កិច្ចពិភាក្សា និងការកំណត់អត្តសញ្ញាណហានិភ័យនានាដែលនៅសេសសល់ ត្រូវផ្តោតថាយើងកំពុងធ្វើការដើម្បីប្រជាជន និងជាបេសកកម្មមនុស្សធម៌ដើម្បីធ្វើឲ្យមនុស្សគ្រប់រូបមានសុវត្ថិភាព និងអាចប្រើប្រាស់ដីដោយគ្មានការភ័យខ្លាច៕