(ភ្នំពេញ)៖ ក្រោយពីកម្ពុជាស្នើសុំឱ្យពលករទៅធ្វើការ នៅប្រទេសកាតា ចំនួន១០ម៉ឺននាក់ កន្លងមកនោះ រហូតដល់ពេលនេះ ប្រទេសកាតា បានសម្រេចទទួលពលករកម្ពុជា ត្រឹម៣ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែពួកគេត្រូវបានរំពឹងថា នឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន។

នេះបើតាមការបញ្ជាក់របស់លោក Salih S AL-Shawi អគ្គនាយកនៃក្រសួងអភិវឌ្ឍកិច្ចការរដ្ឋបាល ការងារ និងកិច្ចការសង្គម នៃរដ្ឋកាតា ក្នុងជំនួបជាមួយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាទីស្ដីការក្រសួងការងារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក Salih S AL-Shawi តំណាងឱ្យភាគីប្រទេសកាតា បានបញ្ជាក់ប្រាប់ភាគីកម្ពុជាថា «នៅប្រទេសកាតា សម្បូរការងារជាច្រើន និងត្រូវការកម្លាំងពលកម្មក៏ច្រើនដែរ តែពលករនៅទីនោះ ក៏សម្បូរផងដែរ ដែលមកពីគ្រប់ប្រទេសទាំងអស់ ហើយក៏ចង់ឱ្យមានពលករកម្ពុជាធ្វើការនៅទីនោះដែរ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទើបកាតា សម្រេចយល់ព្រមទទួលពលករកម្ពុជា បានត្រឹមចំនួន៣ម៉ឺននាក់។

ឆ្លើយតបនឹងការបញ្ជាក់ខាងលើ លោក អ៊ិត សំហេង ក៏មិនមានការជំទាស់អ្វីដែរ ហើយបានបន្ថែមថា «ក្រុមការងាររបស់កម្ពុជា ក៏កំពុងតែខិតខំធ្វើការងារនេះ ឱ្យបានឆាប់រហ័ស ដើម្បីត្រៀមរៀបចំកិច្ចការសកម្មភាព ការត្រួតពិនិត្យ ការជ្រើសរើស ការបណ្ដុះបណ្ដាល និងការពិនិត្យសុខភាព ដល់ពលករកម្ពុជា ដែលមានឈ្មោះទៅធ្វើការនៅប្រទេសកាតា ប៉ុន្តែអ្វី ដែលកម្ពុជាព្រួយបារម្ភនោះ គឺសុខភាព និងសុវត្ថិភាពការងារ នៅពេលដែលពលករកម្ពុជា កំពុងរស់នៅ និងធ្វើការទីនោះ»

បញ្ហានេះ ត្រូវបានលោក Salih S AL-Shawi ពន្យល់ថា «ដើម្បីរៀបចំការគ្រប់គ្រងជូនពលករ ឱ្យមានភាពល្អប្រសើ នៅក្នុងប្រទេសកាតា ច្បាប់ការងារ តម្រូវឱ្យនិយោជក ឬ ថៅកែ ម្ចាស់ផ្ទះ ត្រូវតែបង្កើតគណនេយ្យ ឱ្យកម្មករនិយោជិត ដោយត្រូវបញ្ចូលចំនួនប្រាក់ឈ្លួល ទៅក្នុងនោះផងដែរ បើអ្នកទាំងនោះប្រព្រឹត្តខុសច្បាប់ តុលាការនឹងដាស់ទោសភ្លាមៗ ហើយអ្វីដែលពិសេសទៀតនោះ រាល់បណ្ដានិយោជក ឬ ថៅកែ ម្ចាស់ផ្ទះ ត្រូវចេញថ្លៃសំបុត្រយន្តហោះ ឱ្យពលករទាំងទៅទាំងមក គ្រប់ៗគ្នា»។ ម្យ៉ាងទៀត ភាគីកាតា ក៏សំណូមពរ ឱ្យភាគីកម្ពុជា បញ្ជូនគណៈកម្មាការមួយ ដើម្បីទៅត្រួតពិនិ្យមើល និងស្វែងយល់ការរីកចំរើនការងារ នៅកាតា ក្នុងការគ្រប់គ្រង់ពលករ ដើម្បីកុំឱ្យមានការព្រួយបារម្ភ។

លោក អ៊ិត សំហេង ក៏បានសម្ដែងការសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ភាគីកាតា ដែលបានផ្ដល់តួលេខច្បាស់លាស់ ពីចំនួនពលករខាងលើ និងមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើសុវត្ថិភាពការងាររបស់បណ្ដាពលករនានា ក្នុងប្រទេសរបស់ខ្លួន៕