(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា គណបក្សប្រឆាំងនៅកម្ពុជា និងបរទេសមួយចំនួន បានរួមគ្នាពួនសម្ញំក្រោមដំបូលអង្គការសង្គមស៊ីវិល ចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាកើតចេញពី គណបក្សប្រជាជនកម្ពុជា តាមរូបភាពសម្តែងមតិនានា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំថ្មីរបស់សកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា បក្សប្រឆាំងនៅកម្ពុជា តែងតែងធ្វើសកម្មភាពញុះញង់ និងយកបញ្ហាព្រំដែនជាដើម មកបង្កបរិយាកាសអ័ព្ទអួរ និងនាំឲ្យមានអរិភាពជាមួយប្រទេសជិតខាង ក្នុងបំណងធ្វើឲ្យរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ដួលរលំ។ ឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «បក្សប្រឆាំងនៅតែមានមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ធ្វើការញុះញង់បង្កប់បរិយាកាស អរិភាពជាមួយប្រទេសជិតខាងរឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ព្រមទាំងការប្រមូលផ្តុំ ធ្វើបាតុកម្ម កូដកម្ម ឬទាមទារតវ៉ានានា»។

មហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាល មិនត្រឹមតែបក្សប្រឆាំងនោះទេ បរទេសមួយចំនួនក៏បានចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។

រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះ បានបន្ថែមថា ប្រទេស ដែលមានមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្រោមរូបភាព សម្តែងមតិ និងការតវ៉ានានា។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ដូច្នេះ «មហិច្ឆតាពពួកពីក្រៅមួយចំនួនយើងមិនបាច់ និយាយថា នរណាទេ ពីក្រៅមួយចំនួន គឺកំពុងតែរងនូវភាពខកចិត្តមួយ ដែលគេបានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់តាំងពីយូរយា ណាស់មកហើយ ក្នុងការពូនសម្ញំនៅតាមអង្គការសង្គមស៊ីវិល ក៏ដូចជាតាមសមាគម។ ប៉ុន្តែធាតុពិត ធ្វើសកម្មភាពគ្រប់បែបយ៉ាង ទាំងអស់ ដើម្បីបម្រើមហិច្ឆតារបស់អ្នកអគតិ។ គោលដៅដ៏ធំរបស់គេធ្វើយ៉ាងណា គឺផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ផ្តួលរំលំរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា»។

បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា ដោយគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោកនឹងមិនអនុញ្ញាតឲ្យចលនាផ្ទុយនិងច្បាប់ណាមួយមកធ្វើទុក្ខបុកម្នេញ ផ្តួលរំលំរាជរដ្ឋាភិបាល បង្កអស្ថិរភាព និងបំផ្លាញ សន្តិភាពក្នុងសង្គមកម្ពុជាបាននោះឡើយ៕