(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ត្រង់ចំណុចភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងថ្នាំញៀនជិត១គីឡូក្រាម។

មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ជនសង្ស័យខាងលើ មានឈ្មោះ ខាំម៉ៃ សៃញ៉ាវង់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែ រស់នៅភូមិឃីណាក ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ចាប់បានវត្ថុតាង រួមមាន ថ្នាំញៀន ice ទម្ងន់សុទ្ធ ៩៤៣,៥០g ម៉ូតូ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងអាវុធហត្ថ កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕