(ឧត្តរមានជ័យ)៖ ក្រុមហ៊ុនស្រាបៀរអង្គរ បានផ្តល់ទឹក ៥,០០០កេស ដល់សាលាខេត្តឧត្តរមានជ័យ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់។ ទឹក ៥,០០០កេស ត្រូវបានតំណាងក្រុមហ៊ុនយកទៅប្រគល់ជូនលោក ស ថាវី អភិបាលខេត្តខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ។

អភិបាលខេត្តឧត្តរមានជយ័ លោក ស ថាវី បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនស្រាបៀរអង្គរ តាមរយៈលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋ មន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានយកចិត្ត​ទុកដាក់ចូលរួមចំណែកជាមួយអជ្ញាធរខេត្ត យកទឹកចែកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត។

ក្រោយពីបានធ្វើពិធីប្រគល់ និងទទួលទឹករួច លោក ស ថាវី រួមជាមួយតំណាងក្រុមហ៊ុនស្រាបៀរអង្គរ និងក្រុមការងារ បានអញ្ជើញទៅចូលរួម ចែកទឹកជូនប្រជាពលរដ្ឋភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង។

គួរបញ្ជាក់ថា ភូមិកូនដំរី គឺជាភូមិមួយ ដែលស្ថិតឆ្ងាយពីទីប្រជុំជនប្រហែល ២០គីឡូម៉ែត្រនៅកណ្តាលព្រៃ ហើយផ្លូវធ្វើដំណើរមានការពិបាក ប៉ុន្តែទោះជាយ៉ាងណាក្រុមការងារ បានពុះពារធ្វើដំណើរ​រហូតដល់គោលដៅ និង បានចែកទឹកជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នាទៀតផង។

ដោយឡែកទឹកបរិសុទ្ធអង្គរពូរ៉ូ ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋបានក្នុងមួយគ្រួសារមួយកេសផងដែរ។ ប្រជាពលរដ្ឋភូមិកូនដំរី បានថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្ត និងក្រុមការងារដែល​បានដឹក​ទឹយកមកចែកជូន​ពួកគាត់នៅពេលនេះ៕