(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួង ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវធ្លាក់ភ្លៀងនេះ ពិសេសបងប្អូននៅតាមជនបទ ដែលតែងតែធ្វេសប្រហែសគ្រប់ពេល ទាំងការពិសារទឹកមិនស្អាត ចំណីអាហារ សម្លៀកបំពាក់ និងការចោលកាកសំណល់ និងទុករបស់របរនៅជុំវិញផ្ទះ ដោយមិនបានត្រឹមត្រូវ។

លោករដ្ឋមន្ដ្រីបានថ្លែង ក្នុងកម្មវិធីលើកកម្ពស់ និងផ្តល់សេវាកម្មសុខភាពទូទៅ ជូនប្រជាពលរដ្ឋជាង៣០០នាក់ របស់មន្ទីរពេទ្យអង្គដួង ដោយឥតគិតថ្លៃ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញថា ក្នុងរដូវភ្លៀងធ្លាក់នេះ បងប្អូនប្រជាពលរដ្ឋត្រូវតែប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាពសំខាន់។

លោករដ្ឋមន្ដ្រី បន្ថែមទៀតថា «បងប្អូនត្រូវតែមានអនាម័យ សំអាតជុំវិញផ្ទះកុំឲ្យមានកំប៉ុង ឬកង់ឡាន ដែលអាចមានទឹកដក់ ដែលបណ្ដាឲ្យមានដង្កូវទឹក មូសខ្លាខាំ ពិសេសកំប៉ុងតែម្ដង គឺមុនចោលកំប៉ុងផ្សេងៗត្រូវតែចោះបាត កុំឲ្យមានទឹកដក់ឲ្យសោះ ហើយបើកង់ឡានដែលទុកចោល ត្រូវដាក់ខ្សាច់កុំឲ្យទឹកដក់ ចំពោះពាងទឹកវិញ ត្រូវសំអាតឲ្យបានញឹកញាប់ ព្រោះប្រជាពលរដ្ឋយើង យកទឹកភ្លៀងមកប្រើប្រាស់»

លោរដ្ឋមន្ដ្រីបញ្ជាក់ថា ក្នុងរដូវភ្លៀងធ្លាក់នេះ ជំងឺ៣ប្រភេទ ដែលនឹងអាចកើតមានឡើងគឺ គ្រុនឈាម, អាសន្នរោគ (រាក) និងផ្ដាសាយជាដើម៕