(កោះកុង)៖ សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តកោះកុង បានធ្វើការសហការជាមួយ សាខាសមាគមបញ្ញវ័ន្ត និងយុវជនស័្មគ្រចិត្ត (១២) និងសាខាក្រុមចលនាកម្ពុជា (១៥៧) បើកវគ្គបំប៉នរយៈពេល២ខែ ចំនួន៥មុខវិជ្ជា និងធ្វើការផ្តល់កំព្យូទ័រចំនួន៤គ្រឿង ទុកសម្រាប់ប្រើប្រាស់ និងធ្វើការផ្តល់លិខិតសសើរ ដល់សិស្សពូកែចំនួន៥នាក់ និងថវិកាមួយចំនួនផងដែរ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

ការបើកវគ្គបំប៉នដល់សិស្សត្រៀមខ្លួន ប្រឡងបាក់ឌុប លោកស្រី មិថុនា ភូថង ប្រធានសាខា ស.ស.យ.ក បានបញ្ជាក់ថា ស្ថិតក្នុងបរិយាកាសដ៏ថ្លៃថ្លានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានពិភាក្សាជាមួយសមាគម ជាដៃគូក្នុងខេត្តបានរៀបចំបើកវគ្គបំប៉នបន្ថែម ជូនដល់សិស្សានុសិស្សត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៦ នឹងជិតមកដល់នាពេលខាងមុខនេះ។

វគ្គបំប៉នជូនដល់សិស្សានុសិស្សនោះ មានចំនួន៥មុខវិជ្ជា ១- គណិតវិជ្ជា ២-រូបវិទ្យា ៣-ភាសាខ្មែរ ៤- គីមីវិទ្យា ៥- ជីវៈវិទ្យា។

លោកស្រី មិថុនា ភូថងបានផ្តាំផ្ញើដល់ក្មយៗជាសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ទៅលើការសិក្សាជាចម្បង ត្រូវបង្កើនធនធានមនុស្ស ដោយខ្លួនឯងមិនត្រូវបោះបង់ការសិក្សាឡើយ៕