(ភ្នំពេញ​​)៖ ​លោក​ ធុយ​ គឹម​ហ៊ឹង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​៣ឆ្នាំ​ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំង​ស្រុង​ពី​បទ​រំលោភ​អំណាច​ តាម​មាត្រា​៣៥ច្បាប់​ ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​ ពាក់ព័ន្ធ​ការ​ដោះលែង​ជនត្រូវចោទ​ពីរ​នាក់​ ដែល​នេះ​ជា​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើប​សួរ​ ជា​ថ្នូរ​នឹង​ប្រាក់​តម្កល់​ចំនួន​​៦លាន​រៀល​។

សាលក្រម​នេះ​ត្រូវ​បាន​លោក​ ធុយ​ គឹម​ហ៊ឹង​ ទទួល​យកដោយ​ពុំ​ធ្វើ​ការ​ប្តឹង​ឧទ្ធរណ៍​នោះទេ​ តែ​លោក​ លី​ លន់​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ​ បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សាលក្រម​​នេះ​ ត្រង់​សេចក្តី​សម្រេច​ទាំង​មូល​។ បណ្ដឹង​ឧទ្ធរណ៍​នេះ​ ត្រូវបាន​សាលាឧទ្ធរណ៍​ចាត់ការ​តាម​នីតិវិធី​ជា​បន្តបន្ទាប់​ រហូត​ឈាន​ដល់​ការ​បើក​សវនាការ​សាជាថ្មី​ នៅព្រឹក​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៦​។

លោក​ ចាយ​ ច័ន្ទ​តារាវណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ បាន​ថ្លែង​ក្នុង​សវនាការ​ថា​ លោក​ ធុយ​ គឹម​ហ៊ឹង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ​ កាលពី​ថ្ងៃទី​២៣​ ខែ​មករា​ ឆ្នាំ​២០១២​ បាន​ដោះលែង​ជនត្រូវចោទ​ពីរ​នាក់​ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ជា​ថ្នូរ​នឹង​ប្រាក់​តម្កល់​ចំនួន​៦លាន​រៀល​។ លោក​ចៅក្រម​ បញ្ជាក់​ថា​ ការ​ដោះលែង​ជនត្រូវចោទ​ទាំង​ពីរ​នាក់​ ជា​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើប​សួរ​ ដែល​នេះ​ជា​បទល្មើស​រំលោភ​អំណាច​ ​មាន​ចែង​តាម​មាត្រា​៣៥​ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ។

មូល​ហេតុ​នៃ​ការ​ដោះលែង​ជនត្រូវចោទ​ទាំង​ពីរ​នាក់​នេះ​ ត្រូវបាន​លោក​ចៅក្រម​ ដកស្រង់​ចម្លើយ​របស់​លោក​ ធុយ​ គឹម​ហ៊ឹង​ មក​បញ្ជាក់​ថា​ ព្រោះ​ថ្ងៃ​ដោះលែង​នោះ​ចំ​ថ្ងៃ​ចូលឆ្នាំ​ចិន​ ហើយ​ចៅក្រម​ស៊ើប​សួរ​បាន​មក​រាជធានី​ភ្នំពេញ​។

លោក​ចៅក្រម​ បញ្ជាក់​ទៀត​ថា​ នៅ​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​ សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ​ បាន​ផ្តន្ទា​ទោស​លោក​ ធុយ​ គឹម​ហ៊ឹង​ ដាក់​ពន្ធនាគារ​៣ឆ្នាំ​និង​ពិន័យ​៥លាន​រៀល​ ពី​បទ​រំលោភ​អំណាច​។ សាលក្រម​នេះ​ត្រូវ​បាន​លោក​ លី​ លន់​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ​ នៅ​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៦​ បាន​ដាក់​ពាក្យ​ប្តឹង​​ឧទ្ធរណ៍​។

ពាក់ព័ន្ធ​ការ​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​នេះ​ សាលាឧទ្ធរណ៍​ បាន​ធ្វើ​ការ​សួរ​ដេញដោល​ទៅ​លើ​ទម្រង់​ច្បាប់​ នៃ​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​ ដែល​លើស​រយៈពេល​៤ថ្ងៃ​ ពោល​គឺ​ច្បាប់​បាន​កំណត់​ឲ្យ​ព្រះ​រាជ​អាជ្ញា​ប្តឹង​ឧទ្ធរណ៍​រយៈពេល​១ខែ​ គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម​។

មាត្រា​៣៨១នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ចែង​ថា​ ការ​ប្តឹង​ឧទ្ធរណ៍​របស់​ព្រះ​រាជ​អាជ្ញា​ ត្រូវ​តែ​ធ្វើ​ក្នុង​រយៈពេល​១ខែ​ គិត​ពី​ពេល​ប្រកាស​សាលក្រម​។

មាត្រា​៤០៤​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ចែង​ថា​ កាលណា​សាលាឧទ្ធរណ៍​យល់ឃើញ​ថា​ បណ្តឹង​ឧទ្ធរណ៍​ធ្វើ​ហួស​ពេល​កំណត់​ ឬ​ធ្វើ​ក្នុង​លក្ខខណ្ឌ​មិន​ត្រឹម​ត្រូវ​នោះ​ សាលាឧទ្ធរណ៍​ប្រកាស​ថា​ បណ្តឹង​ឧទ្ធរណ៍​មិន​អាច​ទទួល​យក​បាន​។ ទោះបី​យ៉ាងណា​ សាលាឧទ្ធរណ៍​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ដោយ​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​វិញ​៕​