(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា បញ្ហាទឹកអាជ្ញាធរនៅតែបន្តខិតខំប្រឹង ប្រែងដោះស្រាយបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ជូនពលរដ្ឋ គ្រប់មជ្ឈដ្ឋានជុំវិញខេត្តឲ្យបានប្រើប្រាស់គ្រប់គ្រាន់។

ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ របស់លោក សួន បវរ ធ្វើឡើងនៅសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងឱកាសចុះពិនិត្យមើល ស្ថានភាពទឹកកំពុងបង្ហូរចូល ស្ទឹងសិរីសោភ័ណ ស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី។

លោក សួន បវរ បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពី លោកឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ពេលនេះការបូមទឹកពី អាងកំពីងពួយ ខេត្តបាត់ដំបង មកកាន់ស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី បានមកដល់គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ បង្ហូរទឹកចូលជិត១សប្តាហ៍មកហើយ ស្មើនឹងបរិមាណទឹកចំនួន៥លានម៉ែត្រគូប ហើយក៏កំពុងបូមបបង្ហូរចូលស្ទឹង។

លោកបានបន្តថា បើទោះបីបរិមាណទឹកបាន មកដល់ហើយក៏ដោយ តែការបូមទឹកពីអាងកំពីងពួយ នៅតែបន្តខិតខំប្រឹងប្រែងបូមបន្ថែមទៀត ដោយមិនឈប់ឈរឡើយ។

លោកបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ ទទួលបានទឹកភ្លៀងជាច្រើនមេ តាមស្រុកក្រុងទាំង៩ ព្រមជាមួយទឹកពីអាងកំពីងពួយ បានមកដល់ផងនោះ បានធ្វើឲ្យបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគរបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការធូរស្រាលមួយកម្រិតហើយ តែយ៉ាងណាអាជ្ញាធរខេត្តយើងនៅតែបន្តបូមទឹក និងដឹកទឹកចែកប្រជាពលរដ្ឋក្នុងភូមិ ឃុំមួយចំនួនដែលគ្មានភ្លៀងធ្លាក់ និងប្រជាពលរដ្ឋ គ្មានទឹកប្រើប្រាស់។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបានឲ្យដឹងថា មកទល់ថ្ងៃទី១៨ ខែឧសភានេះ បរិមាណទឹកក្នុងស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ មានការកើន ឡើងបរិមាណទឹកកម្ពស់ប្រមាណ ០,៥ម៉ែត្រ (កន្លះម៉ែត្រ) អាចធានាឲ្យការប្រើប្រាស់គ្រប់គ្រាន់ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណដោយ គ្មានការព្រួយបារម្មណ៍ឡើយ៕