(បាត់ដំបង)៖ លោក ស សុខា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង និងលោក សុខ លូ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៣ ខេមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំបិទយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក ស សុខា បានលើកឡើងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរ ជាមួយការធានាបាននូវប្រក្រតីភាព និងប្រសិទ្ធភាព នៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងសង្គម។

លោកបន្ដថា ជាពិសេសជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ នៅទូទាំងប្រទេស បង្កលក្ខណៈសម្បត្តិដល់គណបក្សនយោបាយនានា ធ្វើសកម្មភាពប្រកួតប្រជែងគ្នា ដោយសេរី ដោយស្មើភាព ដោយគ្មានការភ័យខ្លាច សំដៅរួមគ្នាបន្តពង្រឹង ពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។ នេះគឺជាបរិយាកាសសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ដ៏ជាក់ស្តែង ពិតប្រាកដ និងរស់រវើកនៅកម្ពុជា ក្រោមគោលនយោបាល និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

តាមរយៈកម្មវិធីនយោបាយ និងលក្ខណៈសម្បត្តិរបស់បេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា និងសកម្មភាពជាក់ស្តែងនៃយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃមកនេះ បង្ហាញឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំណត់បានថា គឺមានតែគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះដែលមានលទ្ធភាព សមត្ថភាព បទពិសោធន៍ និងភាពចាស់ទុំខាងនយោបាយ ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ឃុំ សង្កាត់ បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅកាន់ភាពសម្បូរសប្បាយ រុងរឿងដ៏ពិតប្រាកដ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូប។

លោក ស សុខា បានអះអាងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ធានាបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងឯកភាពទឹកដី ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ជូនជាតិមាតុភូមិ កើតចេញពីស្នាដៃខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ឃុំ សង្កាត់ ភូមិ និងសហគមន៍របស់ពុកម៉ែ បងប្អូន ឲ្យមានការអភិវឌ្ឍរីកចម្រើនកាន់តែរឹងមាំខ្លាំងក្លាថែមទៀត៕