(កោះកុង)៖ លោក ប៊ុន លើត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកោះកុង, លោកស្រី មិថុនា ភូថង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត, លោក កាយ សំរួម អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកា និងអ្នកគាំទ្រជាង៦ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្នុងឱកាសការបិទយុទ្ធនាការឃោសនាបោះឆ្នោត, លោក ប៊ុន លើត បានអំពាវនាវបងប្អូនអញ្ជើញចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា យើងដឹងច្បាស់ហើយថាប្រទេសពោរពេញទៅដោយសន្តិភាព សេរីភាពមានការអភិវឌ្ឍមានភាពរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាឃឿនសេដ្ឋកិច្ចដ៍រឹងមាំក្នុងពេលបច្ចុប្បន្នទាំងនេះ កើតចេញពីបេះដូងប្រជាពលរដ្ឋនេះ ស្ថិតក្រោមម្លប់ដ៏ត្រជាក់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានសាងនូវសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជនទូទាំងប្រទេសទៀតផង។

លោក ប៊ុន លើត បានបន្តថា ថ្ងៃនេះ គឺថ្ងៃក្នុងការបិទបញ្ចប់នៃយុទ្ធនាការឃោសនារកសម្លេងសន្លឹកឆ្នោត លោកក៏សូមថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្នុងខេត្តកោះកុង ដែលមានការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក និងសូមជូនពរឱ្យសមាជិក សមាជិក និងអ្នកគាំទ្រគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។

លោកបានសំណូមពរដល់សមាជិកគណបក្សទាំងអស់ រួមជាមួយក្រុមគ្រួសារ និងប្រជាពលរដ្ឋ មេត្តាអញ្ជើញទៅបោះឆ្នោតគាំទ្រជូនបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងកុំជឿលើការញុះញង់ ឬបោកកលល្បិចករបស់គណបក្សផ្សេងៗឱ្យសោះ។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕