(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ និងសមាជិក សមាជិកា គណបក្សនៅឃុំបន្ទាយស្ទោងជាង៤០០នាក់ មានរថយន្តធំតូច៣០គ្រឿង ម៉ូតូចំនួន១១២ គ្រឿង ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក សោម ស៊ុន បានថ្លែងអំណរគុណចំពោះសមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ របស់យើងក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមក។

លោកបានសំណូមពរដល់សមាជិកគណបក្សទាំងអស់ រួមជាមួយក្រុមគ្រួសារ និងប្រជាពលរដ្ឋ មេត្តាអញ្ជើញទៅបោះឆ្នោតគាំទ្រជូនបេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍៕